ព័ត៌មានជាតិ

ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី ចុះអនុស្សរណៈយោគយល់គ្នា លើការបណ្តុះបណ្តាលបច្ចេកទេសយានយន្ត

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី បានចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថិតក្រោមវត្តមានជាអធិបតីភាពរបស់ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងលោកស្រី សលលី ឃូថែន (Sally Curtain) នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី និងលោកស្រី ប៊្រីដហ្គេត ខូលីយឺ (Bridget Collier) អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

លោក​ ហេង សួរ បានថ្លែងថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះ បង្ហាញអំពីទំនាក់ទំនង និងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់វិស័យ TVET នៅកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា ប្រកបដោយជំនាញខ្ពស់ក្នុងវិស័យយានយន្ត។

លោករដ្ឋមន្ត្រី ជឿជាក់ថា តាមរយៈបទពិសោធន៍ និងគុណភាពក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់វិទ្យាស្ថាន Bendigo Kangan ដែលត្រូវបានទទួលស្គាល់ជាយូរឆ្នាំមកហើយនៅក្នុងប្រទេសអូស្ត្រាលី នឹងមិនត្រឹមតែចូលរួមអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជាស្របតាមស្តង់ដាអន្តរជាតិប៉ុណ្ណោះទេ តែក៏នឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់លើវិស័យយានយន្ត ដោយនឹងមានការទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិផងដែរ។  

លោកស្រី សលលី ឃូថែន (Sally Curtain) បានគូសបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excelence) ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន Bendigo Kangan ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា នឹងចូលរួមបណ្តុះបណ្តាលលើជំនាញបច្ចេកទេសយានយន្តដល់ធនធានមនុស្សនៅកម្ពុជា ដើម្បីទទួលបាននូវជំនាញពេញមួយជីវិតប្រកបដោយគុណភាពខ្ពស់។   

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី មានរយៈពេល 3ឆ្នាំ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា៕

To Top