ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា កំពុងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅចិន ពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រធានគណៈទាក់ទង ការបរទេស នៃគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ បាននិងកំពុងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។

បើតាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ លោកឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយ ឥស្សរជនចិនផ្សេងទៀត។

ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់ ប្រមុខការទូតកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មានគោល បំណងដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ៕

To Top