កំពង់ធំ: មន្ត្រីនគរបាលម្នាក់ ត្រូវបានជនសង្ស័យ កាប់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីមានទំនាស់ពាក្យ សម្តីគ្នារវាងគ្នានឹងគ្នារួចមក។
ករណីនេះបានកើតមានឡើងនៅម៉ោង ១០និង៤០នាទីយប់, ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទួលភ្នៀត ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ឃាតកម្មយ៉ាងព្រៃផ្សៃនេះ បង្កដោយជនសង្ស័យឈ្មោះ ផន ប៊ុនរិត ភេទប្រុស អាយុ ៣៤ឆ្នាំ ដែលរស់នៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ។ ដោយឡែកជនរងគ្រោះឈ្មោះម៉េង សេងទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ (ជាមន្ត្រីនគរបាល) រស់នៅភូមិឃុំជាមួយជនសង្ស័ង បានស្លាប់នៅ កន្លែងកើតហេតុ ។
ប្រភពដដែលឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចមុខផ្ទះរបស់ វ៉ាន់ សុជាតិ ភេទស្រី ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់ឯង ។ ពេលជនរងគ្រោះ ចុះពីម៉ូតូមកអង្គុយក្បែរ ជនសង្ស័យ មានការទាស់ទែងពាក្យសម្តីជាមួយគ្នា ភ្លាមនោះរត់ទៅយកផ្គាក់ ពីផ្ទះរបស់ខ្លួន មកកាប់ប្រហាជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសហការស្រាវជ្រាវបន្ត ស្វែងរកជនសង្ស័យ ដើម្បីនាំមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕
ដោយសំនៀង