បន្ទាយមានជ័យ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
តំបន់បឹងជង្រុក និង៦៧១ គឺជាចំណែកនៃទីតាំង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើប្រទានកម្ម ជូនគ្រួសារយោធា សមាហរណកម្ម សម្រាប់អាស្រ័យផល តាមខ្លឹមសារ៣យ៉ាង នៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ រួមមាន៖ ១- ការធានាអាយុជីវិត និងរូបកាយ, ២- ការធានាអាជីព និងមុខរបរ និង៣- ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ ។
ប្រវត្តិនៃឈ្មោះបឹងជង្រុកនេះ ត្រូវបានគេហៅតៗគ្នា ក្នុងសម័យរំដោះប្រទេស ពីរបបប្រល័យពូជសាសន៍ នាឆ្នាំ១៩៧៩ ខណៈដែលកងទ័ពភាគីរដ្ឋកម្ពុជា និងកងទ័ពវៀតណាម លើកគ្នាវាយកងទ័ពខ្មែរក្រហម ដោយទីតាំងនេះ ជាកន្លែងជង្រុក ស្រូវដ៏ធំមួយ ដែលគេដឹកយកស្រូវ ពីតំបន់កូនដំរីមកផ្ទុកនៅទីនេះ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពខ្មែរក្រហម នៅសមរភូមិមុខ។
ចំណែកតំបន់៦៧១ កើតឡើងក្រោយពេលសមាហរណកម្ម ដែលជាឈ្មោះវរសេនាតូច៦៧១ ចំណុះឱ្យវរសេនាធំ E៦៧ ស្ថិតនៅក្រោមកងពល២១ ដឹកនាំដោយឧត្តមសេនីយ៍ ផឹង ផុន ក្នុងពេល ដែលឧត្តមសេនីយ៍ សុខ ភាព ត្រូវបានតែងតាំង ជាមេបញ្ជាការរង យោធភូមិភាគ៥។ ក្រោយពេលសមាហរណកម្ម ដីធ្លីជាច្រើនកន្លែងនៅក្នុងស្រុកម៉ាឡៃ ត្រូវបានផ្តល់ ជូនគ្រួសារយោធា ដើម្បីរស់នៅ និងអាស្រ័យផល ៕