ភ្នំពេញ៖ អ្នកជំនាញលើកឡើងថា ការចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងវិទ្យាស្ថាន Bendigo Kangan (BKI) នៃប្រទេសអូស្ត្រាលី គឺជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី រវាងកម្ពុជាដែលមានក្រសួងការងារ ជាមួយប្រទេសអូស្ត្រាលី គឺមានសារសំខាន់ណាស់ក្នុងនាមភាពជាដៃគូដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងលើការបណ្តុះបណ្តាលកម្លាំងជំនាញនៅកម្ពុជាជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ ជាពិសេសនោះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើការពង្រឹងមូលធនធានមនុស្សនៅកម្ពុជា និងលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទទំនើបបែបថ្មី។
លោកបណ្ឌិតមើលឃើញថា ប្រទេសអូស្រ្តាលីគឺជាប្រទេសមួយដែលមានសក្តានុពល សមត្ថភាព ធនធាន ចំណេះដឹងខ្ពស់ និងបច្ចេកវិជ្ជាទំនើបៗជាច្រើនលើការបណ្តុះបណ្តាលជំនាញជាពិសេស ជំនាញក្នុងវិស័យយានយន្តនេះតែម្តង ដូច្នេះប្រទេសកម្ពុជាអាចធ្វើការស្រូបផលប្រយោជន៍បានយ៉ាងច្រើនលើកិច្ចសហប្រតិបត្តិការមួយនេះ ដើម្បីពង្រីកកម្លាំងជំនាញមួយយ៉ាងមានប្រសិទ្ធភាពដើម្បីត្រៀមខ្លួនចូលទៅក្នុងការប្រកួតប្រជែងលំហូរវិនិយោគបែបថ្មី លើវិស័យឧស្សាហកម្មធំនាពេលអនាគតដ៏ខ្លីខាងមុខ។
សម្រាប់វិស័យកម្មន្តសាល និងយានយន្ត លោកបណ្ឌិតសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាត្រូវតែពង្រឹងលើកម្លាំងជំនាញប្រភេទនេះ ពីព្រោះ វាជាវិស័យដែលមានសក្តានុពលបំផុតនាពេលបច្ចុប្បន្ននេះ ហើយប្រទេសកម្ពុជាគឺបានក្លាយជាទីតាំងមួយសម្រាប់ដំឡើងរថយន្ត និងគ្រឿងបង្គុំឡានផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានកៀរគរអ្នកវិនិយោគក្នុងរយៈកាលចុងក្រោយនេះ ដូច្នេះការពង្រឹងធនធានមនុស្សផ្នែកជំនាញប្រភេទនេះគឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ដើម្បីស្វាគមន៍ការវិនយោគលើវិស័យដំឡើងយាន្តយន្ត និងផ្គត់ផ្គត់គ្រឿងបន្លាស់ធំៗក្នុងទីផ្សារអន្តរជាតិ និងក្នុងស្រុកផងដែរ។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាដែលចុះហត្ថលេខា កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិទ្យាស្ថាន Bendigo Kangan នៃប្រទេសអូស្ត្រាលី ផ្តោតលើកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា ជាមួយវិទ្យាស្ថានបច្ចេកទេស TVET នៅកម្ពុជា។
តាមរយៈអនុស្សរណៈនៃការយោគយល់នេះគឺបង្ហាញអំពីទំនាក់ទំនង និងភាពជាដៃគូកាន់តែជិតស្និទ្ធរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេសកិច្ចសហប្រតិបត្តិការនេះនឹងលើកកម្ពស់វិស័យ TVET នៅកម្ពុជា និងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាប្រកបដោយជំនាញខ្ពស់ក្នុងវិស័យយានយន្តស្របតាមស្តង់ដាអន្តរជាតិ និងមានការទទួលស្គាល់សមត្ថភាពពីទីផ្សារការងារអន្តរជាតិផងដែរ៕