បន្ទាយមានជ័យ ៖ បន្ទាប់ពីលោក អុំ សំអាន ដែលកំពុងតាំងខ្លួន ធ្វើជាអ្នកឧទ្ទេសនាម លើបញ្ហាព្រំដែននោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញមកអំពាវនាវ ឱ្យពលរដ្ឋត្រូវសិក្សាពីប្រវត្តិសាស្ត្រ និងតថភាពជាក់ស្តែងឱ្យច្បាស់សិន ជៀសវាងស្តាប់ តាមការញុះញង់ និងការបំផុសដោយគ្មានមូលដ្ឋាន ពីសំណាក់ជនអគតិ ហើយជាពិសេស កុំជឿមនុស្សធ្លាប់ភូតកុហក់ដូចលោក អុំ សំអាន ។
ថ្លែងក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ក្នុងតំបន់អភិវឌ្ឍន៍ បឹងជង្រុក តេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ឥឡូវគេបង្វែរពីព្រំដែនខាងកើត ទៅព្រំដែនខាងលិចទៀត រកវិធីដោះដដែល ។ ល្ងាចមិញ ឃើញយាយម្នាក់នោះ អ្នកនយោបាយវ័យចំណាស់ ឥឡូវទៅបបួលបងប្អូនពិភាក្សាគ្នារឿងកោះណានុះ គាត់ជំនាញគ្រប់រឿងទាំងអស់” ។
ជាមួយគ្នានោះ សម្តេចធិបតី ក៏បានរំលឹកពីលោក អុំ សំអាន ដែលកំពុងនិរទេ្ទសខ្លួន នៅសហរដ្ឋអាមេរិក កំពុងតាំងខ្លួនធ្វើជាអ្នកឧទ្ទេសនាម អំពីបញ្ហាព្រំដែន ខណៈដែលខ្លួនធ្លាប់បាន ទទួលស្គាល់កំហុស និងជាប់ពន្ធធនាគារ អំពីរឿងក្លែងបន្លំឯកសារព្រំដែន កាលពីពេលកន្លងទៅ ។
សម្តេចធិបតី មានប្រសាសន៍ថា “ហើយបើម្នាក់នោះ អុំ សំអាន គេទៅបបួលថាលោក អុំ សំអាន ធ្វើបទឧទ្ទេសនាមរឿងព្រំដែន កុំភ្លេចថា លោកនឹងគឺធ្លាប់ក្លែងឯកសារហើយជាប់គុក រឿងក្លែងឯកសារព្រំដែន ហើយយកពីណាយកទៅឧទ្ទេសនាម ទៅយកអ្នកដែលប្រឌិតរឿងព្រំដែន ទៅឧទ្ទេសនាមរឿងព្រំដែន បងប្អូនទៅស្តាប់ចោលលុយហើយ ដឹងតែរឿងមិនពិត ហើយបំផ្លាញទំនុកចិត្ត” ។
ក្នុងនោះសម្តេចធិបតី បានយល់ឃើញថា ប្រហែលជាគ្មាននរណាម្នាក់ ដែលហ៊ាននិយាយរឿងមិនពិតដូចលោក អុំ សំអាន ជុំវិញបញ្ហាព្រំដែនដដែលនេះ ទើបបានជាបុគ្គលម្នាក់នេះ នៅតែបន្តធ្វើរឿងដដែរៗ ។
សម្តេចធិបតី មានប្រសាសន៍ថា “គេអត់ឈឺក្បាលទេ រឿងពិតមិនពិត អ្វីដែលគេចង់បាន គឺធ្វើឱ្យប្រជាពលរដ្ឋ អត់មានទុកចិត្តទៅលើរាជរដ្ឋាភិបាល រកប្រធានបទដែលប៉ះពាល់ ជាមួយផលប្រយោជន៍ជាតិ របស់យើង ។ ហើយដុតកម្តៅអត់ប្រយោជន៍ ធ្វើឱ្យប្រជាជនយើងមានជម្លោះផ្ទៃក្នុង” ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវសិក្សាឱ្យច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ និងសិក្សាអំពីតថភាពជាក់ស្តែង ជៀសវាងស្តាប់ការញុះញង់ របស់ជនអគតិមួយចំនួន ។
សម្តេចធិបតី មានប្រសាសន៍ថា “សូមកុំងាយជឿ ទៅលើការញុះញង់ ការបំផុសដែលអត់មានហេតុផល ហើយជាពិសេសជឿទៅលើអ្នកធ្លាប់ភ” ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា “ហើយភរឿងអីមិនភ យកអ្នកជំនាញព្រំដែនដែលធ្លាប់ភរឿងព្រំដែន ចឹងគោលបំណងតែមួយគត់ គឺដុតកម្តៅធ្វើមិចឱ្យប្រជាជនគ្មានបានសេចក្តីសុខសន្តិភាពផ្លូវចិត្តនោះទេ ត្រូវតែរឿងរហូត ចឹងខ្ញុំសូមអំពាវនាវ ឱ្យបងប្អូនអ្នកបឹងជង្រុក បងប្អូនអ្នកបន្ទាយមានជ័យ ក៏ដូចជានៅទូទាំងប្រទេស សូមចូលរួមបន្តថែរក្សាសន្តិភាព ថែរក្សាការសាមគ្គីឯកភាពជាតិ កុំចាញ់ឃោសនា ការព្រួយបារម្ភពីប្រទេសជាតិ អត់មានពីណាហាមឃាត់ទេ ជាអ្វីដែលត្រូវតែធ្វើ ការព្រួយបារម្ភអំពីទឹកដី អធិបតេយ្យភាព គឺត្រូវតែធ្វើ រាជរដ្ឋាភិបាលក៏បារម្ភ ពីអធិបតេយ្យភាពជាតិ និងការពារទឹកដី បានយើងចរចាព្រំដែនមិនទាន់ចប់ ចរចាហើយចរចាទៀត ដើម្បីការពារគ្រប់មីលីម៉ែត្រ” ។
សូមរំលឹកថា លោក អ៊ុំ សំអាន ធ្លាប់ត្រូវបានកងកម្លាំងប៉ូលិសខេត្តសៀមរាបចាប់ខ្លួនកាលពីឆ្នាំ២០១៦ នៅម្តុំផ្សារចាស់ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងត្រូវបានឃុំខ្លួននៅពន្ធធនាគារ និងត្រូវបានតុលាការដោះលែងកាលពីពាក់កណ្តាលឆ្នាំ២០១៨ ក្រោយពីលោកទទួលស្គាល់កំហុស និងសារភាពរឿងក្លែងបន្លំឯកសារព្រំដែន៕