ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករផ្សារបឹងឈូក និងផ្សព្វផ្សាយនូវដំណោះស្រាយដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនដល់អាជីវករ។
លោក សុខ លូ បានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។
ឆ្លើយតបនឹងដំណោះស្រាយនេះ ក្រុមអាជីវករ បានសម្ដែងអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលតែងតែជួយជ្រោមជ្រែងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ជាក់ស្ដែងពេលនេះសម្ដេចនាយករដ្ឋមន្រ្តី បានផ្ដល់នូវដំណោះស្រាយដ៏ល្អឥតខ្ចោះរកអ្វីប្រៀបផ្ទឹមពុំបានឡើយសម្រាប់អាជីវករផ្សារបឹងឈូកទាំងអស់៕