ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងសុឆន្ទៈ នៅចិន ៣ថ្ងៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងសុឆន្ទៈនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៣០ វិច្ឆិកានេះ បានឲ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមានសម្តេចពិជ័យសេនា ទៀ បាញ់ សមាជិក ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រធានគណៈទាក់ទង ការបរទេសនៃគណបក្សប្រជាជនកម្ពុជា រួមនឹងឥស្សរជននៃស្ថាប័នព្រឹទ្ធសភា រដ្ឋមន្ត្រី និងមន្ត្រីជាន់ ខ្ពស់របស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ស្របពេលដែលឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិនឈានដល់ទីបញ្ចប់ ទស្សនកិច្ច លើកទី១របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិននឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប ព្រម ទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែ ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជាញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ៕

To Top