ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ជាតូបការ ។
ទន្ទឹមគ្នានោះលោកជំទាវ នុន ចាន់ពិសី សូវសច្ចៈសម្បត្តិ ក៏ត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ «មហាសេរីវឌ្ឍន៍» ផងដែរ ។
ការទទួលបានមេដាយនេះ គឺបន្ទាប់ពីឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ មានស្នាដៃល្អៗជាច្រើន ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានាជាច្រើន ។
ទន្ទឹមគ្នានោះដោយកើតចេញពីទឹកចិត្តសប្បុរសធម៌ និងចង់ចូលរួមជួយសង្គមជាតិ ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ បានចូលរួមបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ជាច្រើន ។ នៅឆ្នាំ២០២១ ក្នុងគ្រាដែលប្រទេសកម្ពុជា ជួបវិបត្តិជំងឺកូវីដ-១៩ ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ បានឧបត្ថម្ភមីចំនួន ៦០កេសធំ, ម៉ាសចំនួន ២៥០០០ម៉ាស់, អាល់កុលចំនួន ៣០០០លីត្រ, ជែលលាងដៃ ២១០ដបធំ និងថវិកាមួយចំនួន ដល់ក្រុមការងាររាជរដ្ឋាភិបាល សម្រាប់ចូលរួមព្យាបាលជំងឺកូវីដ-១៩ កម្រិលស្រាលជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ធ្វើចត្តាលីស័កនៅខេត្តសៀមរាប និងខេត្តកោះកុង ។ បន្ទាប់មកទៀតឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ ក៏បាននាំអំណោយមនុស្សធម៌ជាទឹកប្រាក់ចំនួន ៨,០០០,០០០រៀល ជូនដល់ក្រសួងការពារជាតិ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ ។
ជាមួយគ្នានោះ លោកជំទាវ នុន ចាន់ពិសី បានផ្តួចផ្តើមឡើងនូវ “មូលនិធិកូនអ្នកស្វាយរៀង” ដោយគៀងគរថវិកា បានជាង២ពាន់ដុល្លារ ពីសប្បុរសជននានា ទិញជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង និងសាលាសង្កាត់ស្វាយរៀង ដើម្បីជួយដល់ជនក្រីក្រ ដែលកំពុងប្រឈម នឹងជីវភាពប្រចាំថ្ងៃ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ។ ដោយថវិកាទាំងអស់បានបែងចែក ជាពីរកញ្ចប់ ដោយកញ្ចប់ទី១ ប្រគល់ជូនសាលាខេត្តស្វាយរៀង មានដូចជា៖ អង្ករ ចំនួន១តោន, មី ៥០ កេះ, ម៉ាស់ ១កេះធំ និងថវិកា ១,០០០,០០០៛ (មួយលាន រៀល) ។ កញ្ចប់ទី២ចែកជូន នៅសាលាសង្កាត់ស្វាយរៀង សំរាប់បងប្អូន ដែលរងផលប៉ះពាល់ ជីវភាពខ្លាំង ដោយសារ ជំងឺកូវីដ១៩ ចំនួន៤១គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ១បាវ ២៥គីឡូ (សរុបចំនួន ៤១បាវ ស្មើនិង១តោន), មី ១កេះ (សរុប ៤១កេះ), ម៉ាស ១ប្រអប់ (សរុប ១កេះធំ មាន៥០ប្រអប់), ថវិកា ២០,០០០៛ (ពីរម៉ឺនរៀល), អាកុល ១កាន៦០លីត្រ និងថវិកា ៤០០,០០០៛ ។
ដោយឡែកនៅឆ្នាំ២០២៤នេះ ឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ៖ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ៕
គួរបញ្ជាក់ថា គ្រឿងរាជឥស្សរិយយស ឬមេដាយ “ ជាតូបការ” ស្ថិតក្នុងប្រភេទគ្រឿងរាជឥស្សរិយយស “ មាតុប្រទេស ” ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត របស់ព្រះ រាជាណាចក្រកម្ពុជារជ្ជកាលបច្ចុប្បន្ន សម្រាប់បំពាក់ជូនវរជនដែលមានគុណូបការៈដ៏ឧត្ដុង្គឧត្ដម និងមានស្នាដៃលេចធ្លោក្នុងការបម្រើប្រទេសជាតិ៕



























