ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ «សន្និសីទផ្សព្វផ្សាយ ទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» នឹងរួមចំណែកផ្សព្វផ្សាយ កាន់តែទូលំទូលាយ នូវសក្តានុពល ទេសចរណ៍កម្ពុជា-ចិន

រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការរៀបចំសន្និសីទផ្សព្វផ្សាយនេះ នឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀត រវាងកម្ពុជា-ចិន ដែលនឹងរួមចំណែក ក្នុងការផ្សព្វផ្សាយកាន់ តែទូលំទូលាយនូវសក្តានុពលទេសចរណ៍ ។

នេះជាការគូសបញ្ជាក់របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឱកាសចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងកម្មវិធី «សន្និសីទផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌តំបន់ស្វយ័តក្វាងស៊ី» នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកកស្រី Chen Yijun សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការនៃតំបន់ស្វយ័តក្វាងស៊ី និងភាគីពាក់ព័ន្ធប្រមាណ១៥០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានគូសបញ្ជាក់ថា ការរៀបចំសន្និសីទផ្សព្វផ្សាយនេះ មិនត្រឹមតែចូលរួម ដល់ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយជំរុញក្នុងការផ្សារភ្ជាប់ និងបង្កើតទំនាក់ទំនងកាន់តែច្រើនថែមទៀត រវាង កម្ពុជា-ចិន ដែលនឹងរួមចំណែក ក្នុងការផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវសក្តានុពលទេសចរណ៍របស់កម្ពុជា-ចិន ជាពិសេសការយកចិត្តទុកដាក់ ជាអាទិភាព នូវប្រភពទីផ្សារចិន សម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

ក្នុងឱកាសនៃសន្និសីទផ្សព្វផ្សាយនេះ លោក ហួត ហាក់ ក៏បានស្នើដល់លោកស្រី Chen Yijun ជួយផ្សព្វផ្សាយអំពីគៅលដៅទេសចរណ៍កម្ពុជា ទៅដល់ប្រជាជនក្វាងស៊ីមកកម្ពុជា ក៏ដូចជាជម្រុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុងនានា នៃតំបន់ស្វយ័តក្វាងស៊ី មកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តសៀមរាបផងដែរ៕

To Top