ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។
លោក សោម សូរីដា បានរំលឹកឡើងអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ចំនួន ១.៦៥២ក្នុងរយៈពេល ១៦ ថ្ងៃ កាលពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា កន្លងមកទៅនេះបន្ទាប់មកមានការរៀបចំបញ្ជីបោះឆ្នោតដំបូង ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទើបឈានដល់ គ.ជ.ប សម្រេចជាផ្លូវការលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ នេះ។
លោក សោម សូរីដា បានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គ.ជ.ប បានសម្រេចផ្ដល់សុពលភាពជាផ្លូវការ លើបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ដែលមានទិន្នន័យ ដូចខាងក្រោម៖
-ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំ សរុប ១១.២១៨.០៦៩ នាក់ ក្នុងនោះស្ត្រី ៥.៨៤៨.៧២៩ នាក់
-ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៣ មានចំនួន ៩.៨៧១.៤៩៥ នាក់ក្នុងនោះមានស្ត្រី ៥.២៤០.០៧០ នាក់
-ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មានសរុបចំនួន ៩.៩៩២.៤២១នាក់ (ស្ត្រី ៥.៣០ ៤. ៨ ៥៥ នាក់) ស្មើនឹង ៨៩,០៧% នៃប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង
-ការិយាល័យបោះឆ្នោត មានចំនួន ២៤.១៩០ ការិយាល័យ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន១៥៦ការិយាល័យ។
លោក មានប្រសាសន៍បន្តថា ផ្អែកតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រ ចាំឆ្នាំ គ.ជ.ប ត្រូវបោះពុម្ព និងចាត់បញ្ជូនបញ្ជីបោះឆ្នោតផ្លូវការទៅលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការ បោះឆ្នោត (លធ.ខប) ១ ច្បាប់ និងសាលាឃុំ សង្កាត់ ១ ច្បាប់ដើម្បីរក្សាទុកជាឯកសារផ្លូវការ ដែ លបញ្ជីបោះឆ្នោតផ្លូវការនោះត្រូវមានទិន្នន័យដូចខាងក្រោម៖
១. ឈ្មោះ និងលេខកូដរាជធានី ខេត្ត
២. ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ
៣. ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត
៤. កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត
៥. អត្តលេខអ្នកបោះឆ្នោត
៦. រូបថតអ្នកបោះឆ្នោត
៧. នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ
៨. ភេទ
៩. ថ្ងៃ ខែ ឆ្នាំកំណើត
១០. លំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។
ចំពោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិស្នើសុំពិនិត្យមើលឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតនេះបាននៅតាមសាលាឃុំ សង្កាត់ ឬ លធខប ឬតាមគេហទំព័ររបស់ គ.ជ.បvoterlist.nec.gov.kh ឬតាមកម្មវិធីទូរសព្ទដៃ (App) NEC KH។
លោក មានប្រសាសន៍បន្តទៀតថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ ស្ដីពីគណបក្សនយោបាយ មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតផ្លូវការច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។
ម្យ៉ាងទៀតក៏អាចទទួលបាននូវព័ត៌មាន អេឡិចត្រូនិកតាមទម្រង់ PDF File ដែលបង្ហាញទិន្នន័យអំពីឈ្មោះ និងលេខកូដរាជធានីខេត្ត ឃុំ សង្កាត់ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខនាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើត តាមតម្លៃផលិត។
ចំពោះបញ្ជីបោះឆ្នោតផ្លូវការ ដែលត្រូវបង្ហោះផ្សាយនៅលើគេហទំព័រនិងកម្មវិធីទូរសព្ទដៃ របស់ គ.ជ.ប គឺមានបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត អត្តលេខ លេខ អ.ខ ឬ/និងលេខ ឯ.អ គឺបង្ហាញតែលេខ ៣ ខ្ទង់ចុងក្រោយ នាមត្រកូល និងនាមខ្លួន ភេទ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ។
ជាចុងក្រោយ លោក សោម សូរីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងស្ថានទូត ក្រសួង ស្ថាប័នរដ្ឋ គណបក្សនយោបាយ សមាគម អង្គការមិមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ។
ភាគីពាក់ព័ន្ធដែលចូលរួម ក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហ ត្ថលើផ្ទៃប្រទេស តំណាងគណបក្សនយោបាយ ចំនួន៩ គណបក្ស តំណាង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៣ ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ៤៦ នាក់៕