ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-02_14-41-38-1024x681.jpg)
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកាពីតល់ កាលពីវេលាម៉ោង១៣និង១០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ត្រូវនឹងម៉ោង១២និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក លីវ ជិនថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន លើកដំបូងក្នុងតំណែងជាប្រធានព្រឹទ្ធសភា
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-02_14-41-43-1024x681.jpg)
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការទេសបានបានឱ្យដឹងថា នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធាន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងលោក ចាវ ឡីជីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-02_14-41-46-681x1024.jpg)
ស្របពេលដែលកម្ពុជា-ចិន បិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន ទស្សនកិច្ចរបស់ សម្តេច តេជោ ហ៊ុន សែន ជាលើកទី១ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង មិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុង យុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)