ព័ត៌មានជាតិ

សម្ដេចតេជោ ៖ គម្រោងទស្សនកិច្ចនៅចិន គឺបានរៀបចំតាំងពីជិត ២ខែមុន​ ដែលជាការអញ្ជើញរបស់ប្រធានាធិបតី ស៊ី ជិនភីង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា គម្រោងទស្សនកិច្ចរបស់សម្ដេច នៅប្រទេសចិន នាពេលនេះ គឺបានរៀបចំតាំងពីជិត ២ខែមុន​ ដែលនេះគឺជាការអញ្ជើញរបស់លោកប្រធានាធិបតី ស៊ី ជិនភីង។

នៅលើគណនីហ្វេស៊ុកសម្ដេចតេជោ ហ៊ុន សែន ៖ «ជូនប្អូនជេម សុខ បងមើលតិចតុកឃើញប្អូននិយាយថា លោក ហ៊ុន សែន ទៅប្រទេសចិនយ៉ាងប្រញ៉ាប់ប្រញ៉ាល់។ បងសូមបញ្ជាក់យ៉ាងខ្លីថា គំរោងទស្សនកិច្ចនៅចិន របស់បងគឺបានរៀបចំតាំងពីជិត២ខែមុនម្លេះ ដែលជា ការអញ្ជើញ របស់ប្រធានាធិបតីចិន ស៊ី ជិនភីង។ នេះមិនមែនជាទស្សនកិច្ចដ៏ប្រញ៉ាប់ ប្រញ៉ាប់ឬតក់ក្រហល់នោះទេ។ បងសង្ឃឹមថាប្អូនគួរឈប់ ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ។ ដោយប្អូនខ្លាចសម្បថបង មិនបបួលប្អូនស្បថទៀតទេ ព្រោះខ្លាចងាប់ឆ្កែរបស់ប្អូន។ ជូនពរឲ្យប្អូនឆាប់ជាសះស្បើយពីជម្ងឺ ពុលទឹកមាត់ ពីជម្ងឺច្រណែនស្ទើរគ្រប់ មនុស្ស ពិសេសជូនពរឲ្យប្អូនចេះ គ្រប់រឿងថែមទៀតប្រសិនប្អូនចង់។ ពីផ្កាយព្រឹក ដែលប្អូនដាក់ឈ្មោះ និងហៅបងយ៉ាងពិរោះ»។

សូមរំលឹកថា បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការទេសបានបានឱ្យដឹងថា នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ លោក វ៉ាង ហ៊ូនឹង ប្រធាន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងលោក ចាវ ឡីជីប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ។

ស្របពេលដែលកម្ពុជា-ចិន បិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន ទស្សនកិច្ចរបស់ សម្តេច តេជោ ហ៊ុន សែន ជាលើកទី១ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង មិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុង យុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕

To Top