ភ្នំពេញ៖ ក្នុងថ្ងៃទី១ នៃដំណើរទស្សនកិច្ចផ្លូវការ នៅក្នុងប្រទេសចិន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាននៃកម្ពុជា បានបញ្ជាក់ប្រាប់ភាគីចិនសារជាថ្មី ថា កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយហើយ កម្ពុជានៅតែជាមិត្តរបស់ចិនគ្រប់កាលៈទេសៈ។
ក្នុងជំនួបជាមួយ លោក វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានលលើកឡើងថា មិត្តចិនបានផ្ដល់នូវការគាំទ្រនិងជំនួយ មិនត្រឹមតែដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏បុន្តែ ក៏បានគាំទ្រដល់ឯករាជ្យភាព ខាងនយោបាយ របស់កម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានអបអរសាទរដល់ខួបទី ៧៥ឆ្នាំ នៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលមិត្តចិនសម្រេចបាននាពេលកន្លងមក។ សម្ដេចតេជោមានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ជាកិច្ចឆ្លើយតប លោក Wang Huning បានកោតសរសើរសម្តេចតេជោ ដែលបានរួមវិភាគទានយ៉ាងច្រើនលើសលុប ដល់ការអភិវឌ្ឍនូវទំនាក់ទំនងកម្ពុជា-ចិន។ លោកលើកឡើងថា សម្តេចតេជោ ជាមិត្តល្អរបស់ប្រទេសចិន និងប្រជាជនចិន។ លោក បានកោតសរសើរ ចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា ដែលបានដើរតាមមាគ៌ា របស់សម្ដេចតេជោ ហើយ បញ្ជាក់ថាចិន បន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជា ជាបន្តទៀតផងដែរ។ លោកបានសន្យាថាប្រទេសចិន នឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់កម្ពុជា និងជំរុញទេសចរចិន មកកម្ពុជាបន្ថែមទៀត។
លោក Wang Huning ក៏បានលើកឡើងផងដែរ អំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដើម្បីពន្លឿនការសម្រេច រចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍកសិកម្មទំនើបជាដើម និង ការកសាងច្រករបៀងគម្រូថ្មី នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ និងលោកប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមគ្នានេះដែរ សម្តេចតេជោក៏បានអញ្ជើញលោក Wang Huning មកបំពេញទស្សនកិច្ចនៅកម្ពុជាសាជាថ្មី ដើម្បីលោកអាចឃើញពីភាពរីកចម្រើនរបស់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់ លោក Wang Huning កាលពីឆ្នាំ២០១៦ និងជំរុញទំនាក់ទំនងរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា ឱ្យកាន់ខ្លាំងក្លាបន្ថែមទៀត។
លោក Wang Huning ក៏បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយពិនិត្យមើលនូវពេលវេលា សមស្របណាមួយនាពេលខាងមុខ៕