ព័ត៌មានជាតិ

ការបោះជំរំយុវជន​ កាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ លើទឹកដី ខេត្តឧត្តរមានជ័យ

ភ្នំពេញ ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ បានបញ្ចប់ ដោយទទួលបានលទ្ធផល ជាផ្លែផ្កាល្អប្រសើរ និងជោគជ័យគួរជាទីមោទនៈ ។

ក្នុងឱកាសបិទការបោះជំរំយុវជន កាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព» នារាត្រីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ លោក មានចាន់យ៉ាដា បានបង្ហាញនូវមោទនភាពក្រៃលែង ដែលមន្ដ្រីបច្ចេកទេសទីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានសហការរៀបចំគ្រប់គ្រង និងសម្របសម្រួលដំណើរការជំរំយុវជន បានប្រកបដោយលទ្ធផលជាផ្លែផ្កាល្អប្រសើរ និងជោគជ័យគួរជាទីមោទនៈ នៅក្នុងទីក្រុងសំរោង និងតាមបណ្តាស្រុកមួយចំនួន ក្នុងរយៈពេល ៤ថ្ងៃ កន្លងមកនេះ។

លោកអភិបាល បានផ្ដល់នូវអនុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិត្ដិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់យុវជន និងមន្ត្រីពាក់ព័ន្ធទាំងអស់នូវខ្លឹមសារមួយចំនួន ដូចខាងក្រោម៖
១~ សូមយកចិត្តទុកដាក់ ពង្រឹងវប្បធម៌ចែករំលែក សកម្មភាព មិត្ត-អប់-រំមិត្ត, មិត្ត-ជួយ-មិត្ត ចេះយកអាសារគ្នា ជួយសិស្ស និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សាជាមុន និងសិស្ស និស្សិត កុមារកំព្រា ចាស់ជរា នៅតាមសហគមន៍ជាក្រោយ
២~ បន្ដពង្រឹងតួនាទីស្នូល និងសមត្ថភាពរបស់យុវជន ក្នុងការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងលើកទឹកចិត្តឱ្យមានគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗ និងរកដំណោះស្រាយបញ្ហា ប្រឈមថ្មីសកល ការងារមនុស្សធម៌ ដើម្បីចែករំលែកនូវបទពិសោធន៍ ការប្រជុំពិភាក្សាបន្ថែម ផ្តល់នូវគំនិតថ្មីៗ ហើយត្រូវស្វែងរកដំណោះស្រាយរួមគ្នា
៣~ បន្ដលើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាព លើវិស័យមនុស្សធម៌ រវាងសមាគមជាតិ ក្នុងតំបន់ ភូមិភាគ សាខាចងសម្ព័ន្ធភាពជាមួយគ្នា និងសាខា ដែលបានចូលរួម។
៤~ បន្តផ្ដល់ឱកាស គាំទ្រ និងលើកទឹកចិត្ត ឱ្យមានគំនិតច្នៃប្រឌិតថ្មីៗ សម្រាប់យុវជនអនុវត្ត ក្នុងនាមជាអ្នកដឹកនាំ វ័យក្មេងទៅថ្ងៃអនាគត ជំរុញឱ្យមានការធ្វើការជាក្រុម ស្វ័យសិក្សាពីបំណិតជីវិត ជីវភាពស្នាក់នៅ ហូបចុករួមគ្នាជាក់ស្ដែង ៕

To Top