ព័ត៌មានជាតិ

លោកខូយ រីដា អញ្ជើញ ចុះចែកស្រូវពូជ OM 5451 ដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកានចំនួន ៥៤ គ្រួសារ !

ពោធិ៍សាត់÷លោកខូយ រីដា អភិបាលខេត្ត និងជាប្រធានគណះកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២៤ បាននាំយកស្រូវពូជ OM 5451 ដែលជាអំណោយ របស់គណះកម្មាធិការ គ្រប់គ្រងប្រព័ន្ធស្បៀង បម្រុងកម្ពុជាយកទៅចែក ជូនប្រជាកសិករ ដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង នៅឃុំស្វាយដូនកែវ និង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ចំនួន ៥៤ គ្រួសារ ដើម្បីដាំដុះស្តារឡើងវិញ អោយបានទាន់ពេលវេលាដោយក្នុង ១ គ្រួសារៗទទួលបានស្រូវពូជចំនួន ១០០ គីឡូក្រាម ។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធាន គណះកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍ថា នេះជាការឆ្លើយតប ទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករ ខណះពេលដែលលោករួម ជាមួយក្រុមការងារ បានចុះពិនិត្យស្ថានភាព ជាក់ស្តែងនៃទំហំលើផលប៉ះពាល់ ខូចខាតកាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ។ លោកអភិបាល ខេត្តក៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយះគណះកម្មាធិការ គ្រប់គ្រងប្រព័ន្ធ ស្បៀងបម្រុងកម្ពុជា បានចែកជូនស្រូវពូជ OM 5451 ជូនបងប្អូនប្រជាកសិករ នាពេលនេះគឺ បន្ទាប់ពីរកឃើញពី ផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នាសប្តាហ៍ទី ៣ នៃខែ តុលា ឆ្នាំ ២០២៤ បណ្តាលអោយជន់លិច ចំនួន ៥ ភូមិក្នុងឃុំអូរតាប៉ោងចំនួន ៤៧ គ្រួសារខូចខាតស្រូវអស់ ៧៧ ហិកតា និង ១ ភូមិទៀតនៃឃុំស្វាយដូនកែវចំនួន ៧ គ្រួសារខូចខាតស្រូវអស់ចំនួន ២៩ ហិកតា ។

លោកអភិបាលខេត្ត ក៍បានមានប្រសាសន៍ បញ្ជាក់បន្ថែមទៀតថា វិស័យស្រូវអង្ករនេះ ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្តល់ការលើកទឹកចិ ត្តគ្រប់ប្រភេទ ផ្នែកពន្ធដារដល់សហគមន៍កសិកម្ម និង គ្រឿងចក្រ ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបាននិងកំពុងពង្រីក វិសាលភាពនិងធ្វើពាណិជ្ជកម្ម ទីផ្សារស្រូវអង្កររបស់កម្ពុជាដោយបានបន្តចែកចាយនិងនាំចេញទៅកាន់ទីផ្សារពិភពលោក ហេតុនេះសូមបងប្អូនប្រជាកសិករ ទាំងអស់ងាកមកនាំគ្នា ដាំដុះស្រូវពូជ OM 5451 ឡើងវិញពីព្រោះពូជស្រូវប្រភេទនេះគឺ មានទីផ្សារនិងមានតម្លៃខ្ពស់ ៕

To Top