ព័ត៌មានជាតិ

ពលរដ្ឋខណ្ឌ៧មករា អរគុណ​អាជ្ញាធរ ជាពិសេសសង្កាត់វាលវង់ ចំពោះការដោះស្រាយ បញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ និងគ្រឿងញៀន នៅប្លុកបុរីកីឡា បានល្អប្រសើរ

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ​ ក្នុងខណ្ឌ៧មករា នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ដែលធ្វើឡើង នៅពហុកីឡដ្ឋានអូឡាំពិក បានថ្លែងអំណរគុណ​ ចំពោះអាជ្ញាធរខណ្ឌ៧មករា ជាពិសេសសង្កាត់វាលវង់ ដែលបានដោះស្រាយ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងគ្រឿងញៀន នៅប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ បានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើង ដើម្បីផ្សព្វផ្សាយ ពីសមិទ្ធិផលការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានលើកឡើងនូវសំនួរ សំណើរនិងសំណូមពរ ទាំងផ្ទាល់មាត់ និង ជាលាយលក្ខណ៍អក្សរ ដែលជាកង្វល់ របស់ប្រជាពលរដ្ឋ និងផ្តោតសំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់ របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន។

វេទិកានាព្រឹកនេះ បានផ្ដោតលើប្រធានបទចំនួន៤រួមមាន៖ ទី១ កាងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព) ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ) ទី៣ ការងារបរិស្ថាន(បញ្ហាសំរាម សុខុមាលភាពសង្គម)និងទី៤ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងនោះប្រជាពលរដ្ឋ បានថ្លែងអំណរគុណ​ ចំពោះអាជ្ញាធរខណ្ឌ៧មករា ជាពិសេសសង្កាត់វាលវង់ ដែលបានដោះស្រាយ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងគ្រឿងញៀន នៅប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ បានល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ និងបានស្នើសុំទៅរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជួយពន្លឿងការផ្តល់ប័ណ្ណកម្មសិទ្ធ នៅអគារ៦បុរីកីឡា។ ប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ដែលប៉ូលិសធ្វើខុសឈ្មោះនិងរូបថត។ ប្រជាពលរដ្ឋ ក៏បានអរគុណ និងកោតសរសើរដល់សមត្ថកិច្ចបន្ថែម ក្នុងការជួយបង្ក្រាបគ្រឿងញៀន ក្មេងទំនើង ក្នុងមូលដ្ឋានខណ្ឌ៧មករា បានល្អប្រសើរ ហើយសូមឲ្យធ្វើការងារនេះ ឲ្យបានល្អជារៀងរហូត។

ជាមួយគ្នានេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឲ្យ មានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំ នីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាម សង្កាត់នានាក្នុង ខណ្ឌរបស់ខ្លួន ក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ ដែលជាក់ស្ដែងក្រុមប្រឹក្សា ខណ្ឌបាន អនុវត្តរួចហើយក្នុងឆ្នាំ២០២៤នេះ ស្របតាមច្បាប់កំណត់ ។

ឆ្លើយតបទៅនឹងសំណើរ និងសំណូមពរប្រជាពលរដ្ឋ ក្នុងឱកាសនោះលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើរ និងសំណូមពរផ្ទាល់មាត់ចំនួន៣នាក់ និងសំណើជាលាយលក្ខណ៍ចំនួន៨ ដោយមានប្រជាពលរដ្ឋចូលរួម ប្រមាណ៥៥៧នាក់។

លោកអភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធររាជធានី នឹងពន្លឿនការដោះស្រាយបញ្ហាទំាងអស់នេះ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសំណើរ និងសំណូមពរដែលជាការលើកឡើង របស់ប្រជាពលរដ្ឋ​ នៅក្នុងវេទិកាសាធារណៈនេះ។

លោកបានបន្តថា ចំពោះបញ្ហាណា ដែលប្រជាពលរដ្ឋ បានលើកឡើង រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តពិភាក្សា ជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយ ការលំបាករបស់ប្រជាពលរដ្ឋ ។ វេទិកាសាធារណៈ ដែលរៀបចំ ដោយអាជ្ញាធររាជធានីភ្នំពេញនេះ ពិតជាមានសារៈ សំខាន់ណាស់ ដែលទទួលបានព័ត៌មាននិងតម្រូវការថ្មីៗ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរចាត់វិធានការ ដោះស្រាយ ឱ្យចំទិសដៅជូនប្រជាពលរដ្ឋ ៕

To Top