កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបាន ជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការ បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ។
លោកអភិបាលខេត្តកំពង់ចាម បានចេញចំណាត់ការយ៉ាងនេះ នៅព្រឹកថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំគណៈកម្មការខេត្ត លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ។
លោកអភិបាលខេត្ត បានដាក់ចេញនូវផែនការអនុវត្តយុទ្ធនាការ មួយសប្ដាហ៍ ក្នុងត្រួពិនិត្យសេវាសុខាភិបាលឯកជន ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ដោយកំណត់យល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ និង ចេញលិខិតជូនដំណឹង ស្តីពីការណែនាំឲ្យម្ចាស់សេវាសុខាភិបាល ទាំង ១២១៤កន្លែង ដើម្បីធ្វើការផ្ទៀងផ្ទាត់ឯកសារច្បាប់ នៅតាមមូលខ្លូន និងវិធានការបន្តដល់ថ្ងៃទី១៥ និងត្រូវបិទបញ្ចប់យុទ្ធនាការនោះ ។
លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរ ពាក់ព័ន្ធ ជាពិសេសមន្ទីរសុខាភិបាលត្រូវពង្រឹង ការត្រួតពិនិត្យ ទីតាំងការបើកលក់ឱសថ និងសេវាសុខាភិបាលផ្សេងៗ ឲ្យស្របតាមគោល ការណ៍ច្បាប់ ត្រូវសហការ ជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យជាប្រចាំ នៅតាមទីតាំងឱសថស្ថាន និងសេវាសុខភាពផ្សេងៗ ដើម្បីត្រួតពិនិត្យគុណភាពថ្នាំ និងបំបាត់ឱសថ ក្លែងក្លាយ ហើយរាយការណ៍ ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញទីតាំងណាមួយខុសច្បាប់ ត្រូវចាត់ចែង តាមនីតិវិធី ។ ជាមួយគ្នានេះ សេវាសុខាភិបាល ឯកជនទាំងឡាយណា ដែលហួសសុពលភាព ច្បាប់ អនុញ្ញាត ត្រូវផ្អាករហូតដល់មានលិខិតអនុញ្ញាត បន្តសុពលភាព សេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនមានលិខិតអនុញ្ញាត នឹងត្រូវបិទសេវាជាស្ថាពរតាមនីតិវិធី។
ម្យ៉ាងទៀត ក្រោយផ្ទៀងផ្ទាត់លិខិតអនុញ្ញាតរួច សេវាសុខាភិបាលឯកជនទាំងឡាយណា ដែលមិនមកផ្ទៀងផ្ទាត់ឯកសារ គឺជាគោលដៅអាទិភាពទី១ សម្រាប់ការចុះពិនិត្យផ្ទាល់ ដើម្បីចាត់ វិធានការតាមផ្លូវច្បាប់ ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាព នៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជន ដាក់ក្នុងរបាយការណ៍ រៀងរាល់ត្រីមាស ឲ្យបានទៀងទាត់ និងច្បាស់លាស់ ដើម្បីបូកសរុប របាយការណ៍ជូនក្រសួងសុខាភិបាល ៕