ព័ត៌មានជាតិ

ដីព្រៃតំបន់អភិរក្សសត្វខ្សឹប ខេត្តកំពង់ធំ ត្រូវបានជនមិនស្គាល់មុខ ទន្ទ្រានធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន

កំពង់ធំ: ដីព្រៃដែលស្ថិតនៅក្នុងតំបន់ ការពារទេសភាព ទំនាបទន្លេសាបខាងជើងទ្រា_សាមគ្គីហៅថាតំបន់ (អភិរក្សសត្វខ្សឹប) ដែលស្ថិតនៅចំណុចព្រៃឈើទាល ក្នុងភូមិ ទំពេជ ឃុំទ្រា ស្រុកស្ទោងខេត្តកំពង់ធំ រងការលួចឈូសឆាយ ពីសំណាក់ជនឆក់ឱកាសមួយចំនួន ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយពុំបានគិតអំពីផលប្រយោជន៍ សម្បត្តិរបស់ជាតិនោះឡើយ។

លោកអុី វិច អុល អនុប្រធានការិយាល័យ ទទួលបន្ទុកតំបន់ការពារទេសភាព ទំនាបទន្លេសាបខាងជើង ចំណុច ភូមិ ឃុំខាងលើបានលើកឡើងឲ្យដឹងថា ដីព្រៃអភិរក្សបឹងពែរ ជាតំបន់មួយដែលពិបាក ក្នុងការគ្រប់គ្រង ដោយសារតែដីព្រៃ (អភិរក្សសត្វខ្សឹប) នេះគឺស្ថិតនៅជាប់នឹង ភូមិរបស់ប្រជាពលរដ្ឋ ហើយក៏ដាច់ឆ្ងាយពីការគ្រប់គ្រង របស់មន្ត្រីបរិស្ថាននេះផងដែរ។

ម្យ៉ាងវិញទៀតការលួចឈូសឆាយដីព្រៃតំបន់ក្នុងតំបន់ការពារ ទេសភាពទំនៀបទន្លេសាបខាងជើងទ្រា_សាមគ្គីនេះ គឺគេលួចធ្វើឡើង នាពេលយប់ស្ងាត់ ដែលកម្លាំងមន្ត្រីជំនាញ សម្រាកនិងពិបាកតាមឃ្លាំមើល ហើយចំណែកឯកម្លាំងល្បាត របស់មន្ត្រីបរិស្ថានក៏មានកម្លាំងតិចតួចនោះដែរ។

លោក អេង សុវណ្ណ ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍មូលដ្ឋាននៃមន្ទីរបរិស្ថានខេត្តកំពង់ធំបានមានប្រសាសន៍លើកឡើងឲ្យដឹងថា ចំពោះការលួចចូលមកឈូសឆាយដីព្រៃ តំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើងហៅថា (អភិរក្សសត្វខ្សឹប) នេះក្រុមការងារ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំនៅតែតាមឃ្លាំមើល និងកំពុងកសាងសំណុំរឿង ដាក់ចូលទៅកាន់តុលាការ ដើម្បីតាមរុករកអ្នក ដែលហ៊ានទៅបំពារបំពានលួចឈូសឆាយដីព្រៃតំបន់ការពារ ទេសភាពទំនាបទន្លេសាបខាងជើងទ្រា_សាមគ្គី នេះដើម្បីយក ទៅចាត់ការ តាមផ្លូវច្បាប់ឲ្យទាល់តែបាន ។

លោក អេង សុវណ្ណ ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែតំបន់ការពារ ទេសភាពទំនាប ទន្លេសាប ខាងជើងនេះផងដែរថា ប្រសិនបើឃើញឬ ក៏បានដឹងជនបង្ក ដែលហ៊ានទៅលួចឈូសឆាយដីព្រៃ ក្នុងតំបន់ការពារទេសភាពទំនាបទន្លេសាបខាងជើងនេះ សូមមេត្តាជួយរាយការណ៍ ដល់មន្ត្រីជំនាញបរិស្ថាន ឲ្យបានដឹងផងងាយស្រួលឲ្យមន្ត្រីជំនាញយើង មានវិធានការដើម្បីចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ៕

ដោយសំនៀង

To Top