ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានផ្តល់អនុសាសន៍ ដល់ប្រធានមន្ទីរកសិកម្ម ត្រូវបង្ហាញនូវចំណេះជំនាញ ក្នុងវិស័យកសិកម្ម ដើម្បីដោះស្រាយនូវបញ្ហា សតិអារម្មណ៍ របស់មន្ត្រីក្រោមឱវាទ។
ការផ្តល់អនុសាសន៍នេះ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ខខណៈលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ននិងលោក ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ ។
លោករដ្ឋមន្រ្តី បានលេីកឡេីង អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃកសិផល សម្រាប់ប្រជាកសិករ និងអ្នកប្រេីប្រាស់ ដោយគោរពតាមគោលការណ៍ទីផ្សារសេរី ការដាក់ពង្រាយមន្រ្តីកសិកម្មភូមិ-ឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងការកសាងសហគមន៍កសិកម្មទំនេីប ដែលអាចជួយប្រជាកសិករ កាត់បន្ថយថ្លៃដេីមផលិត មានផែនការច្បាស់លាស់ មានធនធានគ្រប់គ្រាន់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងមានស្តង់ដាការងារត្រឹមត្រូវ ។
នៅចំពោះមុខអង្គពិធីរដ្ឋមន្រ្តី ក្រសួងកសិកម្មបានបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រេី មានបាន និងមានរហូត ដែលលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ត្រូវយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងកំណត់អាទិភាពឱ្យចំគោលដៅ អនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់លោកប្រធានមន្ទីរ ត្រូវបង្ហាញនូវចំណេះជំនាញក្នុងវិស័យកសិកម្ម ដោះស្រាយនូវបញ្ហាសតិអារម្មណ៍មន្ត្រីក្រោមឱវាទ ឆ្លេីយតបទៅតាមតម្រូវការ របស់ប្រជាជន ចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា និងសហការធ្វេីការរួមគ្នាជាមួយក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានភាពជាអ្នកដឹកនាំ ។
ពាក់ព័ន្ធនឹងការងារ នយោបាយ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ លេីកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម និងមានចិត្ត មានបេះដូង ក្នុងការលេីកឡេីង ពីសមិទ្ធផលនានា ដែលរដ្ឋាភិបាលសម្រេចបាន ជាពិសេសត្រូវមានការពន្យល់ បកស្រាយនូវភាពមិនប្រក្រតី ឬការវាយប្រហារណាមួយ ដោយត្រូវមានភស្តុតាងច្បាស់លាស់ ពេញលេញ និងឆ្លេីយតបឱ្យចំគោលដៅ៕