ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា និងភាគីចិននៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានបើកសម្ពោធស្លាក ៖ « វិទ្យាស្ថានម៉ក់ជី នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ វិស័យបច្ចេកវិទ្យារវាងប្រទេសយើងទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ។
នៅក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការបង្កើត វិទ្យាស្ថានម៉ក់ជីនៃរាជបណ្ឌិត្យសភាកម្ពុជា» ជាការរួមចំណែកមួយ សម្រាប់សង្គមកម្ពុជា ក្នុងការបណ្តុះបណ្តាលចំណេះដឹង ផ្នែកកុំព្យូទ័រដ៏សំខាន់។ ពិធីសម្ពោធស្លាកនេះ មិនត្រឹមតែជាការចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិ ការកម្ពុជា-ចិន ក្នុងវិស័យបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងជា ការត្រួសត្រាយផ្លូវ សម្រាប់ ការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្សេងៗ បន្ថែមទៀត ក្នុងវិស័យបច្ចេកវិទ្យា ។
លោក ស៊ុន ហុកវៃ នាយកភាគីកម្ពុជាមានប្រសាសន៍ថា វិទ្យាស្ថានម៉ក់ជី ត្រូវបានបង្កើត តាមរយៈទម្រង់កិច្ចសហប្រតិបត្តិការថ្មីរវាងត្រី ភាគី គឺ « ស្ថាប័ន ស្រាវជ្រាវ គ្រឹះស្ថានសិក្សា សហគ្រាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការក្នុងវិស័យ ភាសាចិន + វិជ្ជាជីវៈ ។ វិទ្យាស្ថាន នឹងបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស ផ្នែកកុំព្យូទ័រ សម្រាប់សិក្ខាកាម ដែលចេះភាសាចិន។ ដែលនេះ គឺជាការរួមចំណែកតូច មួយ សម្រាប់ប្រទេសកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយអនក្ខរជន ផ្នែកបច្ចេកវិទ្យា ក៏ ដូចជា ការចូលរួមសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
លោកជឿជាក់ថា វិទ្យាស្ថានម៉ក់ជី នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងក្លាយជាគំរូនៃកិច្ច សហប្រតិបត្តិការក្នុងទម្រង់ថ្មីនេះ ជាពិសេស នឹងពាំនាំនូវកាលានុវត្តភាព និងអត្ថ ប្រយោជន៍ ជាក់ស្តែងជាច្រើនបន្ថែមសម្រាប់ប្រជាជន នៃប្រទេសយើងទាំងពីរ ។ តាមរយៈ ការខិតខំប្រឹងប្រែងរួមគ្នា របស់ប្រទេសយើងទាំងពីរ ប្រាកដជានឹងសម្រេច បានលទ្ធផលជា ផ្លែផ្កាបន្ថែមទៀត ដែលអាចឆ្លើយតបទៅនឹង កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ។
លោកយ៉ាង យៀកឈាន នាយក និងជាលេខាបក្ស វិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ជាជីវៈតាលៀនបានមានប្រសាសន៍ថា ភាគីចិននឹងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការធ្វើឱ្យកាន់ តែស៊ីជម្រៅតាមរយៈការ បណ្តុះបណ្តាល “ភាសាចិន + ជំនាញវិជ្ជាជីវៈ” សិស្សអាចបំពេញតម្រូវការ សហគ្រាសត្រូវការអ្នក ដែលមានទេពកោសល្យក្នុងស្រុក ដើម្បីបង្កើនសមត្ថភាព ប្រកួតប្រជែងការងារ របស់ប្រជាពលរដ្ឋកម្ពុជា ៕