ភ្នំពេញ៖ អ្នកតាមដានកិច្ចការសង្គម លោកបណ្ឌិត ឈត ប៊ុនថង បានស្នើឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នា ប្រើប្រាស់ក្រមាខ្មែរបន្ថែមទៀត ដើម្បីអភិរក្ស និងរក្សាភាពល្បីរន្ទឺនៅទូទាំងពិភពលោក ក្រោយក្រមាខ្មែរបានចុះក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូហើយ ។
លោក ឈត ប៊ុនថង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៥ ធ្នូថា ក្រោយក្រមាខ្មែរបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូហើយ នឹងជួយឲ្យក្រមាខ្មែរ មានទីផ្សារជាងមុន តាមរយៈអ្នកស្រាវជ្រាវបរទេស ដែលចង់សិក្សានិងទទួលស្គាល់ថា នេះពិតជាក្រមាខ្មែរដែល ជាចំណែកមួយដល់អ្នកប្រើប្រាស់។
លោកបន្តថា បន្ទាប់ពីជនបរទេសចង់មកសិក្សាពីក្រមា ហើយ ពួកគេក៏នឹងចង់ដឹងសិក្សាពីទំនៀមទំលាប់ ប្រពៃណី និងអរយ្យធម៌ខ្មែរថែមទៀត។
អ្វីដែលលោក ឈត ប៊ុនថង ចង់ឲ្យក្រមាខ្មែរមានភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ បន្ទាប់ពីបានចុះក្នុងបញ្ជី តំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូហើយ ដោយរក្សានូវភាពល្បីរន្ទឺកុំឲ្យស្ងាត់ទៅវិញនោះ លោកបានស្នើឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ដើមនៃក្រមានេះ ត្រូវរួបរួមគ្នាប្រើប្រាស់ឲ្យច្រើន ពោលគឺប្រើទូទាំងប្រទេសតែម្តង ដើម្បីលើកតម្កើងវប្បធម៌អរូបីខ្មែរ។
ការប្រើប្រាស់ដែលលោកសំដៅដល់នោះ តាមរយៈការធ្វើជាវត្ថុអនុស្សាវរីយ៍ លក់ឲ្យភ្ញៀវទេសចរបរទេស ដើម្បីឲ្យពួកគេជួយផ្សព្វផ្សាយ ពីក្រមាខ្មែរបន្ថែមទៀត ខណៈកន្លងមកលោកសង្កេតឃើញមាន អ្នកខ្លះច្នៃក្រមាធ្វើជាសំលៀកបំពាក់ផងដែរ។
លោកគូសបញ្ជាក់ថា “រឿងសំខាន់បន្តទៀតយើងជាប្រជាពលរដ្ឋខ្មែរ ត្រូវតែអភិរក្ស អភិវឌ្ឍន៍ និងបន្តផ្សព្វផ្សាយ។ រឿងដែលសំខាន់យើងបន្តប្រើប្រាស់ ។ហើយបើយើងអត់ប្រើទេ គ្រាន់តែចុះក្នុងបញ្ជី ហើយយើងអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយ គឺអត់អាចបញ្ចុះបញ្ចូលឲ្យទទួលស្គាល់ និងការប្រើប្រាស់របស់យើងបានទេ ក៏ការចុះបញ្ជីហ្នឹងអត់សូវមានន័យដែរ”។
កាលពីថ្ងៃ៤ ធ្នូ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីក្រមាខ្មែរ ត្រូវបានអនុម័ត យល់ព្រមចុះក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចក្តី សម្រេច 19.COM 7.b.27 ដែលនេះបានក្លាយជាទិវា ប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ៕