ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លទ្ធផលនៃការសិក្សា ស្រាវជ្រាវតាមដានជីវៈចម្រុះ ដោយម៉ាស៊ីនថតស្វ័យ ប្រវត្តិ នៅដែនជម្រកសត្វព្រៃលំផាត់ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់ សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និង ស្វាកន្ទុយសជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាលំនឹងប្រព័ន្ធ អេកូឡូស៊ីនៅក្នុងព្រៃ។
ការសិក្សានេះ ត្រូវបានអនុវត្ត ដោយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ក្រោមមូលនិធិរបស់ទីភ្នាក់ងារ សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតងចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤ ។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យ ពីប្រភេទថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព សម្រាប់ធ្វើការអភិរក្ស ក្រោមគម្រោងរេដបូកលំផាត់។
លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថត សត្វព្រៃបានចំនួន ២៨ប្រភេទដែលមានទំហំផ្សេងៗគ្នា រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទ អំបូរសត្វពាហនៈ មានមាឌធំជាង គេនៅលើពិភពលោក រហូតដល់ប្រភេទ សត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្តាន់តូច ជាងគេបំផុត ទីពីរនៅលើពិភពលោកផងដែរ។ ហើយក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទ កំពុងរងគ្រោះខ្ពស់ ក្នុងបញ្ជីក្រហម របស់អង្គការសហភាព អន្តរជាតិ ដើម្បីការអភិរក្ស ធម្មជាតិ (IUCN Red List) ដែលក្នុងនោះ មានសត្វពីរប្រភេទ ស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺ សត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយ នឹងឈានដល់ការផុត ពូជបើសិនជា មិនមានការការពារទេនោះ ។
លោក ប៊ូ វរសក្ស នាយកអង្គការ ជីវិតធម្មជាតិ នៅកម្ពុជា បានមានប្រសាសន៍ថា «ការសិក្សានេះបញ្ជាក់ថា ដែនជម្រក សត្វព្រៃលំផាត់ ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទ សត្វដ៏អស្ចារ្យ ដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែង អភិរក្សរួមគ្នា ដើម្បីការពារជម្រកព្រៃ ឈើដ៏សំខាន់ដែលនៅសេសសល់នេះ ។ ក្រៅពីនេះ ដែនជម្រកសត្វព្រៃលំផាត់ បាននិងកំពុង ផ្តល់ទីជម្រកដល់សត្វស្លាប តំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិង ប្រភេទសត្វជិតផុត ពូជបំផុតផ្សេងៗ ទៀតដូចជា សត្វត្រយង ចង្កំកស និងសត្វត្មាតភ្លើងផងដែរ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សូមអំពាវនាវ ដល់ភាគី ពាក់ព័ន្ធទាំងអស់ ចូលរួមជា មួយក្រសួងបរិស្ថាន ដើម្បី ការពារតំបន់ទេសភាពដ៏វិសេសនេះ សម្រាប់កូនចៅជំនាន់ ក្រោយរបស់យើង» ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រាសាសន៍ថា «ជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់ គម្រោងរេដបូកនៅក្នុងប្រទេសកម្ពុជា កំពុងរៀបចំនិងអនុវត្តគម្រោង រេដបូកសម្រាប់ឥណទានកាបូន (REDD+) បានល្អ ដូចនៅតំបន់នានាផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា»។
លោក បន្ដថា លទ្ធផល នៃការសិក្សារួមគ្នាកន្លងមកនេះ បានបញ្ជាក់សារជាថ្មីនូវការយកចិត្តទុកដាក់ របស់កម្ពុជា ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិ និងបានលើកកម្ពស់ជីវភាព ប្រជាសហគមន៍ កាន់តែប្រសើរនៅក្នុងតំបន់ទាំងនោះ ស្របតាមយុទ្ធសាស្រ្តនិងគោលនយោ បាយជាតិ របស់រាជរដ្ឋាភិបាល ក្នុងនោះក្រសួងបរិស្ថាន បានដាក់ចេញនូវ«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានា ឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។
អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានលើកឡើងថា «កិច្ចសហការរបស់ USAID ជាមួយក្រសួងបរិស្ថាន និង អង្គការជីវិតធម្មជាតិនៅកម្ពុជា ឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់យើង ចំពោះការអភិរក្សជីវៈ ចម្រុះនៅកម្ពុជា និងទទួលស្គាល់ពីតួនាទីដ៏សំខាន់ របស់ប្រព័ន្ធធម្មជាតិ ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកាត់បន្ថយការបំភាយ ឧស្ម័នកាបូនឲ្យនៅត្រឹមសូន្យ។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាតំបន់ការពារមួយ ក្នុងចំណោមតំបន់ ការពារដ៏ធំបំផុតរបស់ប្រទេសកម្ពុជា និងមានប្រភេទជីវៈចម្រុះដែលមិនអាចជំនួសបានផ្សារភ្ជាប់ជាមួយទីជម្រកសត្វព្រៃផ្សេងៗគ្នាជាច្រើន។ ដែនជម្រក នេះក៏ទ្រទ្រង់ជីវិត សត្វជិតផុតពូជបំផុតជាច្រើនប្រភេទដូចជាត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកស ក៏ដូចជាប្រភេទ សត្វស្លាបកម្រ ដ៏អស្ចារ្យដូចជា ក្រៀល និងក្ងោកផងដែរ ។ តំបន់ទេសភាពនេះក៏បានទ្រទ្រង់ ជីវភាពរបស់សហគមន៍ និងជនជាតិដើមភាគតិច ដែលរស់នៅក្នុង និង ជុំវិញតំបន់ព្រៃឈើនេះផងដែរ ។ ពួកគាត់ភាគច្រើនរស់នៅពឹងផ្អែកយ៉ាងខ្លាំង លើអនុផល និងសេវាកម្ម ដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ី នៅក្នុងដែនជម្រកសត្វព្រៃ សម្រាប់ចិញ្ចឹមជីវិត ៕