តាកែវ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អភិបាល ក្រុង ស្រុក ជាពិសេសសមត្ថកិច្ច ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានចំពោះកម្ចីអនឡាញ ដែលវានឹងបង្កផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
លោក អភិបាលខេត្ត បានថ្លែងបន្តថា កន្លងមកបញ្ហាកម្ចីអនឡាញនេះបានកើតមានឡើងរាជធានីភ្នំពេញ និងនៅតាមបណ្ដាលខេត្តមួយចំនួន ការខ្ចីតាមប្រព័ន្ធអនឡាញនេះមានភាពងាយស្រួល មិនត្រូវការឯកសារច្រើន ដូចជា ការខ្ចីប្រាក់ តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងនៅតាមធនាគានោះទេ ក៏ប៉ុន្តែការខ្ចីស្រួលបែបនេះ វាបង្កហានិភ័យខ្ពស់ដល់ប្រជាពលរដ្ឋ ព្រោះអាត្រាការប្រាក់ខ្ពស់លើសលប់ ដែលនាំឱ្យមានបញ្ហាកើតឡើងចំពោះការសងត្រឡប់ទៅវិញ។
លោក វ៉ី សំណាង បានថ្លែងបន្តថា បញ្ហាកម្ចីអនឡាញនេះ នឹងនាំឱ្យប្រជាពលរដ្ឋរងគ្រោះ ដូច្នោះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវតាមដាននិងយកចិត្តទុកដាក់ពីបញ្ហានេះ ដោយធ្វើយ៉ាងណាទប់ស្កាត់អោយបានទាន់ពេលវេលា កុំឱ្យបញ្ហានេះកើតឡើងលើប្រជាពលរដ្ឋខេត្តតាកែវ។
នៅក្នុងឱកាសនោះ លោក អភិបាលខេត្តតាកែវ ក៏បានណែនាំដល់សមត្ថកិច្ចសហការជាមួយ នាយកសាលា ធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យសិស្សជក់បារីអេឡិចត្រូនិចនៅតាមសាលារៀន ដែលបារីអេឡិចត្រូនិចនេះ ត្រូវបានច្បាប់ហាមឃាត់មិនឱ្យប្រើប្រាស់នោះទេ៕