កំពង់ធំ : លោក សាយ គឹមឡម បាន អញ្ជើញចុះត្រួតពិនិត្យមើលដំណើរ ការធ្វើផ្លូវបេតុងថ្មីស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ លោកបានអំពាវនាវ បន្ថែមទៀត ដល់ពលរដ្ឋដែលរស់នៅអមសងខាង ផ្លូវបេតុងថ្មីនេះត្រូវនាំគ្នា ជួយថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ដើម្បីសោភ័ណភាពផ្លូវ ឬកុំឱ្យមានការកកស្ទះ ឬសំរាមនានាដែលបង្កភាព អនាធិបតេយ្យនិងកង្វក់បរិស្ថានជាដើម។
លើសពីនេះលោក បានណែនាំ ដល់លោកមេឃុំ កំពង់ចិនត្បូង និងសហការី ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ឡើងថែមទៀត ជាពិសេសត្រូវនាំគ្នាតាមដាន ត្រួតពិនិត្យជាប្រចាំរាល់សកម្មភាព សាងសង់របស់អ្នកម៉ៅការ ដើម្បីធានាបានតាមបទដ្ឋាន បច្ចេកទេសគុណភាព ។
ទន្ទឹមនឹងនេះ លោកអភិបាល ស្រុកស្ទោង បានជំរុញ ដល់អ្នកទទួលការ សូមធ្វើផ្លូវបេតុងថ្មីនេះ ប្រកបដោយបទដ្ឋាន បច្ចេកទេស កិច្ចសន្យាដើម្បីធានា បាននូវគុណភាពខ្ពស់ ជាពិសេសទទួល បាននូវផ្លូវថ្មីប្រកប ដោយសោភ័ណភាព និងប្រើប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងថ្មីដែលកំពុងដំណើរការសាងសង់នេះមានប្រវែង ១៨៣ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដែលជាថវិកាមូលនិធិឃុំកំពង់ចិនត្បូងឆ្នាំ២០២៤ ៕
ដោយសំនៀង