ព័ត៌មានជាតិ

សម្តេចធិបតី៖ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព ស្ទើតែមិនដែលលឺទាល់តែសោះ អំពីជម្លោះសាសនានៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអគ្នេយ៏ និង ប៉ាស៊ីហ្វិក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើតែមិនដែលលឺទាល់តែសោះអំពីជម្លោះសាសនានៅកម្ពុជា ។

ថ្លែងក្នុងពិធីខាងលើនេះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានមានប្រសាសន៍ថា “ប្រទេសជាច្រើន មកពីបណ្តាទ្វីបនាន នៅលើពិភពលោកតែងតែថ្លែងនូវការកើតសរសើរ ចំពោះការផ្លាស់ប្តូរមុខមាត់ ស្ទើតែមិនគួរឱ្យជឿ របស់កម្ពុជា ដែលបានជួបសោកនាដកម្ម ដែលពិបាកនឹងស្រមើលស្រមៃ បណ្តាប្រទេសជាមិត្តរបស់កម្ពុជា ក៏បានផ្តល់តម្លៃខ្ពស់ចំពោះមេរៀន នៃការកសាងសន្តិភាព បង្រួបបង្រួមជាតិ និងភាពអត់ឱនរបស់កម្ពុជា ហើយនៅក្នុងនោះមិត្តរបស់យើង​ ក៏បានកត់សម្គាល់ពីភាពលេចធ្លោរបស់កម្ពុជា ក្នុងទិដ្ឋភាពសុខដុមនីយកម្មសាសនា ទោះបីកម្ពុជា កំណត់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ” ។

សម្តេចធិបតី ថែមទាំងបាន គូសបញ្ជាក់ទៀតថា “បច្ចុប្បន្ននេះ ក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើតែមិនដែលលឺទាល់តែសោះ​ អំពីជម្លោះសាសនានៅកម្ពុជា សម្រាប់កម្ពុជា សហគមខ្មែរឥស្លាមតែងតែទទួលការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក” ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរ នូវទុក្ខលំបាករបស់បងប្អូនខ្មែរឥស្លាមបានជួបប្រទះ ដែលកើតឡើងដោយសារតែសង្គ្រាម ការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុង នូវសេរីភាពសាសនា និងអំពើប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ។

សម្តេចធិបតី មានប្រសាសាន៍ថា “ទាល់តែថ្ងៃរំដោះ៧មករា ១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានូវកម្ពុជា ត្រូវបានស្តារនិងសង្គ្រោះឡើងវិញ ជាតឋភាពប្រវត្តិសាស្ត្រ ខ្ញុំអាចនិយាយបានថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិ ហើយគ្រប់អាណ្តិនៃរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច”៕

To Top