ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការគ្រប់គ្រងធនធានធម្មជាតិ ចូលរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ។
ការលើកឡើងរបស់ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃអង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society – WCS) នៅកម្ពុជា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤។
លោក Robert Menzi, ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានលើកឡើងថា រយៈពេល២៥ឆ្នាំមកទល់ថ្ងៃនេះ បានចូលរួមជាដៃគូអភិវឌ្ឍន៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជា បានសម្រេចលើទិសដៅ អភិវឌ្ឍន៍សំខាន់ៗ ជាពិសេស កិច្ចសហប្រតិបត្តិការ ដែលគាំទ្រគោល នយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដើម្បីចូលរួមចំណែកការពារ ប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអបអរសាទរ ចំពោះភាពជាដៃគូរបស់អង្គការ សមាគមអភិរក្ស សត្វព្រៃ (WCS) ដែលសម្រេចបានជោគជ័យ ក្នុងប្រតិបត្តិការនៅកម្ពុជារយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយថែមទាំង បានឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ ដល់អង្គការ WCS ដែលបង្កើតគម្រោងអភិរក្ស ផ្អែកលើការអភិវឌ្ឍ សហគមន៍ ដើម្បីការពារសត្វព្រៃ និងព្រៃឈើ នៅតាមតំបន់ ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ហើយកិច្ចខិតខំប្រឹងប្រែង អភិរក្សរួមគ្នានេះ បានបង្កើតឱកាសផ្សេងៗ និងធ្វើឱ្យជីវភាព របស់ជនជាតិដើមភាគតិច និងសហគមន៍ មូលដ្ឋាន មានជីវភាពកាន់តែប្រសើរឡើង។
លោករដ្ឋមន្រ្តី បានជំរុញឱ្យអង្គការWCS បន្តពង្រឹងភាពជាដៃគូ បន្តរវាងក្រសួងបរិស្ថាន និងអង្គការ WCS ក៏ដូចជាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្តកសាង ភាពជោគជ័យ ក្នុងការធានាថា ធនធានធម្មជាតិនិង ជីវៈចម្រុះរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្ស សម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់បន្ថែមថា កន្លងមកនេះ ភាពជាដៃគូសហការ រវាងក្រសួងបរិស្ថាន និងអង្គការ WCS កម្ពុជា បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងជំរុញការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៅក្នុងតំបន់ការពារសំខាន់ៗចំនួន 8 នៅក្នុងតំបន់ ទេសភាពបឹងទន្លេសាប ក្នុងតំបន់វាលទំនាបភាគខាងជើង និងនៅភាគខាងកើតប្រទេសកម្ពុជា (ជាមួយ ផ្ទៃដីសរុប ១.២៥៣.១៥៧ ហិកតា) ក្នុងភូមិសាស្រ្តខេត្តចំនួន៨ របស់ប្រទេសកម្ពុជា៕