ព័ត៌មានជាតិ

ស្ថានទូតសហរដ្ឋអាមេរិក រៀបចំកម្មវិធី «សប្តាហ៍ភោជនីយដ្ឋាន ២០២៤ ៖ ថ្មីស្រស់ពីសហរដ្ឋអាមេរិក» ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មអាមេរិក

ភ្នំពេញ៖ លោកស្រីភារធារីស្ថានទូតអាមេរិក Bridgette Walker បានបើកកម្មវិធី «សប្តាហ៍ភោជនីយដ្ឋាន ឆ្នាំ ២០២៤ ៖ ស្រស់ពីសហរដ្ឋអាមេរិក» នៅភ្នំពេញ នាថ្ងៃនេះ ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មសហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។

សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ដែលរៀបចំឡើងពីថ្ងៃទី៦ ដល់ថ្ងៃទី ១៥ ខែធ្នូ មានភោជនីយដ្ឋានល្បីៗមួយចំនួននៅភ្នំពេញ នឹងផ្តល់ជូនម្ហូប និងតម្លៃពិសេសៗ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ដើម្បីបង្ហាញពីការប្រើប្រាស់ផលិតផលកសិកម្មអាមេរិក សម្រាប់ចម្អិនម្ហូប។  សូមចូលមើល ក្នុងគេហទំព័រ https://freshfromtheusa.asia/ ដែលបង្ហាញពីបញ្ជីនៃភោជនីយដ្ឋានទាំងអស់ ដែលចូលរួមអបអរសប្តាហ៍ភោជនីយដ្ឋាន ។

ថ្លែងក្នុងឱកាសនៃពិធីនេះ លោកស្រី Bridgette Walker បានលើកឡើងថា «សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយ ដែលអបអរសាទរភាពចម្រុះ និងភាពច្នៃប្រឌិតនៃផ្នែកម្ហូបអាហារ របស់យើងនៅក្នុងប្រទេសកម្ពុជា ។ យើងមកជុំគ្នាដើម្បីបរិភោគអាហារដ៏មានឱជារសថ្មីៗ និងស្វែងយល់ពីផលិតផលកសិកម្មសហរដ្ឋអាមេរិក។ សប្តាហ៍ភោជនីយដ្ឋានក៏ជាឱកាសដ៏ល្អមួយផងដែរ សម្រាប់គាំទ្រភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ នៅភ្នំពេញ និងសម្រាប់ឲ្យគេមើលឃើញថា គ្រឿងផ្សំនៃម្ហូបអាហារអាមេរិកត្រូវបានប្រើ ក្នុងការចម្អិនម្ហូបនៅជុំវិញពិភពលោក» ។

សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ទាញការចាប់អារម្មណ៍ លើការដែលផលិតផលកសិកម្មអាមេរិក អាចប្រើជាមួយមុខម្ហូបទាំងអស់។ ភ្នំពេញ មានមុខម្ហូបបរទេសចម្រុះច្រើន ដែលមានប្រើគ្រឿងផ្សំរបស់អាមេរិក ហើយពិធី នៅថ្ងៃ នេះ មានការចូលរួមពីតំណាងភោជនីយដ្ឋាននានា ប្រើគ្រឿងផ្សំ របស់អាមេរិក សហព័ន្ធនាំចេញសាច់សត្វសហរដ្ឋអាមេរិក ក្រុមប្រឹក្សាភិបាលទឹកដោះគោ California ក្រុមហ៊ុននាំចូលស្បៀងអាហារសហរដ្ឋអាមេរិក សាលាបង្រៀនផ្នែកម្ហូបអាហារ ភោជនីយដ្ឋាន និងសមាគមសណ្ឋាគារ ចុងភៅ និងភាគីពាក់ព័ន្ធជាច្រើនទៀតនៅកម្ពុជា ដែលចាប់អារម្មណ៍ លើវិស័យម្ហូបអាហារ ៕

To Top