ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់បណ្តាទីចាត់ការទាំង៦ របស់សាលាខេត្ត ត្រូវប្រើប្រាស់មន្ត្រីឲ្យអស់ពីលទ្ធភាព និងសក្ដានុពល និងត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចស្នូល របស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកាន់ល្អប្រសើរឡើងថែមទៀត។

លោក អភិបាលខេត្ត បន្ដថា ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើនូវសេវាសាធារណៈជូនប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទតាមបណ្តាទីចាត់ការទាំងអស់ ត្រូវបង្កើនទំនាក់ទំនងល្អជាមួយគ្នា និងជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោក-លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក-លោកស្រី នាយកទីចាត់ការចំណុះសាលាខេត្ត។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ អំពីស្ថានភាពមន្ត្រីដែលកំពុងបំរើការងារ តាមបណ្ដាទីចាត់ការនីមួយៗ និងផ្ដល់ឱកាសដល់បណ្ដាទីចាត់ការនានា លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីរួមគ្នាធ្វើការរិះរក ដំណោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីធ្វើឲ្យការបំពេញតួនាទីភារកិច្ចរបស់ មន្ត្រីតាមបណ្ដាទីចាត់ការនានា កាន់តែរលូន និងកាន់តែល្អប្រសើរឡើង។

លោកអភិបាលខេត្ត បានផ្តាំផ្ញើ ដល់មន្ត្រីទាំងអស់ត្រូវបន្តខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ មានការទទួលខុសត្រូវខ្ពស់ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនអង្គភាព និងប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។ ម៉្យាងទៀតមន្ត្រីទាំងអស់ត្រូវបន្ត អភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យទាន់សម័យកាល ជាពិសេសត្រូវសិក្សាស្វែងយល់អំពីច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួន ដើម្បីជៀសវាងការប្រព្រឹត្តខុសច្បាប់ និងការពារខ្លួននៅពេលមានគេបំពានមកលើអង្គភាព ដែលផ្ទុយនឹងច្បាប់ដែលបានកំណត់។

នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា នាពេលខាងមុខនេះ លោក នឹងធ្វើការជួបប្រជុំផ្ទាល់ជាមួយ មន្ត្រីតាមបណ្ដាទីចាត់ការទាំងអស់ របស់សាលាខេត្ត ដើម្បីត្រួតពិនិត្យ ស្វែងយល់អំពីសុខទុក្ខ បញ្ហាប្រឈម និងរបៀបរបបធ្វើការ សំដៅជួយដោះស្រាយ និងផ្ដល់អនុសាសន៍ណែនាំធ្វើយ៉ាងណា ឲ្យការបំពេញភារកិច្ចការងារតាមបណ្ដា ទីចាត់ការទាំងអស់កាន់តែមានភាពរីកចម្រើន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕


