ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តសិស្សទទួលបានជ័យលាភី និទ្ទេស A និង និទ្ទេស B សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលពិធីនេះត្រូវបានធ្វើឡើង នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស។
ក្នុងឱកាសនោះលោក រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សារបស់ក្មួយៗសិស្សានុសិស្ស ដែលបានសម្រេចជោគជ័យ នាពេលនេះ ក៏ដូចជាសម្តែងការកោតសរសើរ ចំពោះលោកនាយក លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានចូលរួមសហការគ្នាយ៉ាងល្អ ក្នុងការគ្រប់គ្រង អប់រំ បណ្តុះបណ្តាលកូនក្មួយសិស្សានុសិស្ស ឲ្យក្លាយជាកូនល្អ សិស្សល្អ ដែលជាធនធានដ៏មានតម្លៃ មានគុណភាព មានប្រសិទ្ធិភាព ក្នុងការចូលរួមជួយជ្រោមជ្រែងគ្រួសារ បម្រើសង្គម និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នាឱកាសនោះ លោក រ័ត្ន ស្រ៊ាង បានធ្វើការប្រគល់រង្វាន់ ដល់សិស្ស និទ្ទេសA និង និទ្ទេសB នៅវិទ្យាល័យ ហ៊ុន សែន ព្រែកកំពឹសទាំង០៨នាក់ ដោយសិស្សនិទ្ទេសA ឆ្នាំនេះ មានឈ្មោះ វុទ្ធី សុខសេរីវិវឌ្ឍនា ភេទប្រុស ទទួលបានម៉ូតូម៉ាក HONDA DREAM C125 សេរីឆ្នាំ២០២៥ មួយគ្រឿង រួមជាមួយកុំព្យូទ័រយួរដៃ ០១គ្រឿង និងសិស្សនិទ្ទេសB ចំនួន០៧នាក់ ក្នុងម្នាក់ៗ ទទួលបានព្យូទ័រយួរដៃ ០១គ្រឿង រួមជាមួយថវិកា៤០ម៉ឺនរៀលផងដែរ។ ដោយការផ្តល់រង្វាន់លើកទឹកចិត្តនាពេលនេះ ធ្វើឡើងតាមអ្វីដែល លោក រ័ត្ន ស្រ៊ាង បានសន្យា និងធ្លាប់បានអនុវត្តជាច្រើនឆ្នាំកន្លងមកហើយ៕