បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង បានសំណូមពរ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោក តាមប្រព័ន្ធអនឡាញ ដើម្បីចៀសវាងការខាត បង់ទ្រព្យសម្បត្តិ។

នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច ស ខេង មានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល បានដាក់ចេញអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្ដេច បន្ដថា ជាមួយនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់មនុស្សយើងក្តី ការបារម្ភក៏លេចឡើង មកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងយើងឃើញមានរូបភាព នៃអំពើឆបោក តាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើង នៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។
សម្ដេច មានប្រសាសន៍ថា «សំណូមពរឱ្យអាជ្ញាធរ ក៏ដូចជា គ្រប់ផ្នែកពាក់ព័ន្ធ សិស្សានុសិស្សដែរ រួមទាំងប្រជាពលរដ្ឋ ទាំងអស់ក្នុងនោះមានទាំងក្មួយៗ សូមយកចិត្តទុកដាក់ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាម ប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុម ឧក្រិដ្ឋជនតាមអនឡាញ»។

ទន្ទឹមនឹងនេហ សម្ដេច ស ខេង ក៏បានផ្តាំផ្ញើ នូវកិច្ចការងារមួយចំនួន ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ រួមមាន៖ សូមឱ្យក្មួយៗចៅៗ បន្តខិតខំប្រឹងប្រែង សិក្សារៀនសូត្រទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជាស្វ័យសិក្សា ដើម្បីឈានទៅសម្រួច សមត្ថភាពនៅថ្នាក់ឧត្តមសិក្សា ស្របតាមស្មារតីនៃគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ក៏ដូចជាគោល នយោបាយ ស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០។ សូមចៀសឱ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿង ញៀន និងចៀសឱ្យឆ្ងាយពីបាបមិត្ត គឺមិត្តដែលនាំយើង ទៅរកក្តីវិនាសអន្តរាយ ឃ្លាតចាកឆ្ងាយពីការសិក្សា និងធ្វើឱ្យយើងធ្លាក់ ទៅក្នុងរណ្តៅនៃអវិជ្ជា ៕
