ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានលើកឡើងថា ប្រជាជនកម្ពុជាតែងតែចងចាំ និងថ្លែងអំណរគុណ ចំពោះជំនួយ និងការគាំទ្ររបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុន ក្នុងការកសាងអភិវឌ្ឍប្រទេស ក្រោយទទួលបានសុខសន្តិភាពពេញលេញ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី៦ (The 6th Japan Travel Fair 2024) នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុនអ៊ិណូ អាតស៊ុស៊ិ (UNEO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំប្រទេសកម្ពុជា លោក ណាហ្គាស៊ូហ្គី ហាជីមី (NAKASUGI Hajime) នាយកប្រតិបត្តិនៃអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ប្រចាំទីក្រុងបាងកក លោក KAWAKAMI Akio ប្រធានគ្រប់គ្រងទូទៅ ផ្សារទំនើប AEON Mall Sen Sok City ក្រុមហ៊ុនទីភា្នក់ងារទេស ចរណ៍ពីប្រទេសជប៉ុន ពីប្រទេសកម្ពុជា និងពីប្រទេស សឹង្ហបូរី រូមទាំងក្រុមហ៊ុនផលិតភេសជ្ជៈ និងស្រាសាកេដ៏ល្បីមួយ នៅប្រទេសជប៉ុន ព្រមទាំងប្រជាពលរដ្ឋចូលរួមពិពរណ៍ច្រើនកុះករនៅផ្សារទំនើបអ៊ីអនម៉ល ២ (សែនសុខ) រាជធានីភ្នំពេញ ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមរយៈពិព័រណ៌ទេសចរណ៍ ជប៉ុនលើកទី៦នេះ ប្រជាជនកម្ពុជាអាចស្វែង យល់ពីព័ត៌មាន វប្បធម៌ ប្រពៃណី សិល្បៈ និងតំបន់ទេសចរណ៍នានាៗ របស់ប្រទេសជប៉ុន ហើយអង្គការទេសចរណ៍ជាតិ ជប៉ុន និងក្រុមហ៊ុនទីភា្នក់ងារទេសចរណ៍ជប៉ុន អាចពិនិត្យឃើញមើល ជាក់ស្តែងនូវស្ថានភាពនយោបាយ សុខសន្តិភាព សន្តិសុខ និងសណ្តាប់ធា្នប់សាធារណៈ ដែលមានស្ថេរភាព ល្អប្រសើរ ការវិនិយោគជាក់ស្តែង និងកំពុងរីកចំរើន របស់ធុរជនជប៉ុន ពិសេសសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីអាចរៀបចំជាកញ្ចប់ទស្សនកិច្ចទេសចរណ៍ ជូនអតិថិជនរបស់ខ្លួននៅប្រទេសជប៉ុន មកកម្ពុជាបន្ថែមទៀត ក៏ដូចជា កាលានុវត្តភាព វិនិយោគផងដែរ។
លោករដ្ឋមន្រ្តីបន្ថែមថា ប្រជាពលរដ្ឋខ្មែរគោរព ស្រឡាញ់រាប់អាន និងរីករាយរង់ចាំស្វាគមន៍ប្រជាជនជប៉ុន ដោយសារទាំង ប្រជាជនកម្ពុជា និងប្រជាជនជប៉ុន មានអត្តចរិតស្លូតបូត សុភាពរាបសារ គោរពគ្នាទៅវិញទៅមក និងរួសរាយរាក់ទាក់។ លើសពីនេះទៀត ប្រជាពលរដ្ឋកម្ពុជា ក៏ចូលចិត្តម្ហូបជប៉ុន និង និយមប្រើប្រាស់ផលិតផល ពីប្រទេសជប៉ុន ដោយសារមាន គុណភាពល្អ និងតម្លៃសមរម្យ៕