ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្ដាល អំពាវនាវ ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត មកធ្វើច្បាប់អាជីវកម្ម ឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៥

ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល អញ្ជើញមកធ្វើច្បាប់អាជីវកម្ម ដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់ នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌នឹងសហការគ្នា ដើម្បីធ្វើការផាកពិន័យ ទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឲ្យប្រកបអាជីវកម្មតទៅទៀត។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹង វិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់ អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់ អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំ ប្រមាណជាង ២០០នាក់ ក្រោមអធិបតីភាព លោក គួច ចំរើន និងលោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រមទាំងប្រតិភូ អមដំណើរ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត កណ្តាលផងដែរ។។

លោក អភិបាលខេត្ត មានប្រសាសន៍ថា «ការមកធ្វើច្បាប់ ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ពីព្រោះដើម្បីការពារទាំងម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ក៏ដូចជាអតិថិជន ជៀសវាងជួបបញ្ហាប្រឈមនានានៅពេលអនាគត»។

លោក អភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានខ្លួន ឲ្យចូលរួមក្នុងការអនុវត្តច្បាប់ និងជួយសម្របសម្រួលឲ្យពួកគាត់ទៅសុំច្បាប់អាជីវកម្ម នៅកន្លែងដែលពួកគាត់ត្រូវទៅ ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។

នេះឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ត្រូវខិតខំចុះស្រង់ស្ថិតិចំនួន ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត ជាពិសេសត្រូវកំណត់ចំនួនឲ្យច្បាស់លាស់រវាងម្ចាស់អាជីវកម្មមានច្បាប់ និងអត់ច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចំពោះម្ចាស់អាជីវកម្មណាដែលគ្មានច្បាប់ត្រូវណែនាំឲ្យមកធ្វើច្បាប់ ករណីនៅតែមិនព្រមមកធ្វើច្បាប់ ទៀត ត្រូវចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ រឺបិទ អាជីវកម្មតែម្ដង ការធ្វើបែបនេះគឺដើម្បីឲ្យមានភាពយុត្តិធម៌ចំពោះអ្នក ដែលចូលរួមអនុវត្តច្បាប់ នេះគឺជាការរួមគ្នាបញ្ឈប់មិន ឲ្យម្ចាស់ជីវកម្មណាមួយ ដែលគ្មានច្បាប់អនុញ្ញាត អាចប្រកបអាជីវកម្ម របស់ខ្លួនដោយសុខស្រួល នៅក្នុងភូមិសាស្ត្រខេត្ត កណ្ដាលបានតទៅទៀតឡើយ។

លោក ជូ វណ្ណៈ បានបញ្ជាក់ថា ដោយសង្កេតឃើញថា មានអ្នកអភិវឌ្ឍអចលនវត្ថុមួយចំនួនបាននឹងកំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដែលធ្វើឲ្យពលរដ្ឋលែងមាន ជំនឿទុកចិត្ត និងប៉ះពាល់ដល់វិស័យអចលនវត្ថុ៕

To Top