ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដា្ឋនសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ក្រោមថវិកាកម្ចីសម្បទាន របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉ ក្នុងគោលបំណងចូលរួមពង្រឹងគុណភាព នៃការអប់រំក្នុងវិស័យសុខាភិបាល និងលើកកម្ពស់គុណភាព នៃ ការ ផ្តល់ សេវាសុខភាព នៅកម្ពុជា ឱ្យកាន់តែមានស្តង់ដារខ្ពស់ថែមទៀត។
មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លើផ្ទៃដីសរុប ២២ ២៤៣,៥០ ម៉ែត្រ ការ៉េ ដោយមានទំហំដីសម្រាប់សង់អគារ ៤ ៨៩១,៦៣ ម៉ែត្រការ៉េ។ គម្រោងនេះ នឹងសាង សង់ អគារចំនួន ៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដី និងមានទំហំផ្ទៃអគារ សរុបចំនួន ២៧ ០៧៩,០៦ ម៉ែត្រ ការ៉េ ដែលមានរយៈពេលសាងសង់២៨ខែ៕