ភ្នំពេញ ៖ ថ្លែងចំពោះមុខ ទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ប្រទេសកូរ៉េខាងត្បូង មានមនោសញ្ចេតនាខ្ពស់ ជាមួយប្រទេសកម្ពុជា ព្រោះមានប្រវត្តិឆ្លងកាត់ សង្គ្រាមស៊ីវិលដូចគ្នា។
ការលើកឡើងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ លោក ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការ ដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កូរ៉េ គាត់មនោសញ្ចេតនាជាមួយកម្ពុជា ដោយសារកូរ៉េ គាត់ធ្លាប់ឆ្លងកាត់ នៃសង្គ្រាមស៊ីវិលដូចគ្នា ។ គាត់តែនិយាយពីឆ្នាំ ៥០ជាងមក ប្រទេសងើបពីសង្គ្រាម គាត់អាចរំលែក គាត់យប់ពីកម្ពុជា ហើយឃើញកម្ពុជាងើបពីសង្គ្រាម ហើយកសាងប្រទេស អញ្ចឹងមានមនោសញ្ចេតនា»។
សម្តេចធិបតី បន្ដថា កូរ៉េ មិនត្រឹមតែជួយកម្ពុជា ក្នុងកម្រិតវិនិយោគនោះទេ ប៉ុន្ដែ កូរ៉េ ជួយទាំងផ្នែកមនុស្សធម៌ ព្រមទាំងការជួយផ្សេងៗទៀត មកដល់ប្រទេសកម្ពុជា។ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ បានជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕