ព័ត៌មានជាតិ

សម្តេចបវរធិបតី ណែនាំឱ្យបង្កើន យកចិត្តទុកដាក់ លើសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្ត នៃជំងឺទៅកាន់ ស្ថានភាពធ្ងន់ធ្ងរ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រូពេទ្យ បុគ្គលិកបច្ចេកទេស ទាំងក្នុងផ្នែក សាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់ លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺ ទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ។

នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក ផាក ជុងវ៉ូក (Park Jung-Wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជីកាក្នុង គណៈវិជ្ជាជីវៈសុខាភិបាល និង មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលដែលមានសុពលភាព គោរពក្រមសីលធម៌វិជ្ជាជីវៈ បទដ្ឋានវិជ្ជាជីវៈ និង និយាមវិជ្ជាជីវៈ ព្រមទាំងអនុវត្តការងារក្នុងដែនកំណត់វិជ្ជាជីវៈសុខាភិបាល របស់ខ្លួន និង ចូលរួមអភិវឌ្ឍសមត្ថភាពជាប្រចាំ ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «គ្រូពេទ្យ បុគ្គលិកបច្ចេកទេស ទាំងក្នុងផ្នែក សាធារណៈ និងឯកជន ត្រូវបង្កើនការយក ចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ ដែលអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ, ប្រព័ន្ធសុខាភិបាល និង ប្រព័ន្ធគាំពារសង្គម ត្រូវចំណាយខ្ពស់»។

បន្ថែមលើនេះ សម្តេចបវរធិបតី បន្ដថា ត្រូវកសាង និង រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត តាមរយៈឥរិយាបថ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺ រួមទាំងលើកទឹកចិត្តអ្នកជំងឺ និងគ្រួសារឱ្យចូលរួមក្នុងការសម្រេចចិត្តលើការព្យាបាល, ផ្តល់ចំណេះដឹង និង បទពិសោធអំពីការ បង្ការបឋម, ការព្យាបាលបង្ការ, ការគ្រប់គ្រងលក្ខខណ្ឌជំងឺរ៉ាំរ៉ៃ និងការថែទាំ អ្នកជំងឺជាដើម។

សម្តេចបវរធិបតី ក៏បានណែនាំគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់​ ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជា- ពលរដ្ឋប្រកបដោយភាពស្មោះត្រង់ សុចរិតភាព និង សមធម៌, ដោយត្រូវធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង ឬ ត្រូវបានបដិសេធក្នុងការទទួល បានសេវាថែទាំព្យាបាល ដោយសារ តែស្ថានភាពលក្ខណៈរបស់បុគ្គល គ្រួសារ ទំនៀមទម្លាប់ សាសនា ឬនិន្នាការនយោបាយឡើយ៕

To Top