ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួបជាមួយប្រតិភូ វិនិយោគអាមេរិក ១៦ក្រុមហ៊ុន ដើម្បីពិភាក្សា អំពីឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូ វិនិយោគរបស់អាម៉េរិកចំនួន ១៦ក្រុមហ៊ុន ដឹកនាំដោយលោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគ របស់អាមេរិក នាឱកាសនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់ ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ ។

ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគរបស់អាមេរិក មកដល់ប្រទេសកម្ពុជាដោយផ្ទាល់នេះបានបង្ហាញពីភាពទាក់ទាញខ្ពស់ ប្រកបដោយសក្តានុពល និងភាពអំណោយផល នៃការវិនិយោគនៅក្នុង ប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុន ដែលចូលរួមទាំងនោះបានបង្ហាញ ចំណាប់អារម្មណ៍របស់ខ្លួនលើវិស័យមានជាអាទិ៍ បច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។

ក្នុងនោះ លោក គឹម ឆាហួត ក៏បានជម្រាបជូនអំពីផែនការដំណើរ បេសកកម្មរបស់គណៈប្រតិភូវិនិយោគសហរដ្ឋអាម៉េរិកមកកម្ពុជា ដែលនឹងរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំឱ្យធុរកិច្ចជន សហរដ្ឋអាម៉េរិកបានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានា សម្រាប់ការវិនិយោគនៅកម្ពុជា ៕

To Top