ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំទៅដល់ប្រជាពលរដ្ឋ រស់នៅខណ្ឌកំបូល ត្រូវគិតរកតម្រូវការណាដែលចាំបាច់បំផុត លើកមកប្រាប់ឱ្យអាជ្ញាធរ ដោះស្រាយជូន ពិសេសជាតម្រូវការ រស់នៅប្រចាំថ្ងៃជាចាំបាច់ ដូចជាពាក់ព័ន្ធនឹងទឹកស្អាត អគ្គិសនីជាដើម ។
ថ្លែងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌកំបូល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ម៉ប់ សារិន មានប្រសាសន៍ថា “រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាខណ្ឌចង់បានជាងគេ គឺចង់ដឹងបញ្ហាជាអទិភាព អទិភាពរបស់ប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន បើមានសំណូមពរអ្វី ពិសេសបើមានតម្រូវការចាំបាច់អ្វីខ្លះ ដែលទាមទារឱ្យរដ្ឋបាលសង្កាត់ ខណ្ឌ រហូតដល់រាជធានី ដោះស្រាយជូន” ។ ក្នុងនោះលោកណែនាំ ឱ្យគិតគូលើបញ្ហាពាក់ព័ន្ធ នឹងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ ដូចជាផ្នែក សុខមាភាព ទឹកស្អាត និងអគ្គិសនី ជាដើម ។
ដោយឡែកតំណាងពលរដ្ឋ ពីសង្កាត់នានា បានសំណូមពរដោយផ្ទាល់មាត់ ចំនួន៨រូប ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយជូនរួមមាន៖ សំណូមពរឱ្យជួយបន្ថែមស្លាក់សញ្ញាចរាចរណ៍, ការទប់ស្កាត់ការ បំពុលបរិស្ថាន ដោយការដុតបំភាយផ្សែងចេញពីរោងចក្រ, ស្នើសុំពង្រីកផ្លូវមួយខ្សែ ដែលពលរដ្ឋអះអាងថា កំពុងតែមានភាពមមាញឹកខ្លាំងជាងមុន និងអាចបង្ក គ្រោះថ្នាក់ច្រើន, បញ្ហាទឹកស្អាតនៅមិនទាន់មានគ្រប់គ្រាន់ តាមបន្ទប់ជួលមួយចំនួន, តំណាងក្រុមហ៊ុនឯកជន ស្នើដល់អាជ្ញាធរ ជួយអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ត្រូវចេះទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសកុំបោះចោលតាមរបង នៃតំបន់សេដ្ឋកិច្ចពិសេស, មានការស្នើសុំឱ្យជួយជួសជុល ឬបន្ថែមអំពូលភ្លើងបំភ្លឺផ្លូវដែលខូច ព្រមទាំងស្នើឱ្យពិនិត្យ លើបញ្ហាការបង្ហូរទឹកកង្វក់ ចេញពីរោងចក្រ ដែលបង្កខ្លិនស្អុយ និងប៉ះពាល់ដល់បរិស្ថានជាដើម ។
ឆ្លើយតបទៅនឹងបញ្ហាក្នុងមូលដ្ឋានខាងលើនេះ លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ បានចាត់ឱ្យលោក ឃឹម ស៊ុនសូដា ដែលជាអភិបាលខណ្ឌកំបូល បញ្ជាក់ជូនទៅកាន់ប្រជាពលរដ្ឋ ជុំវិញបញ្ហាមួយចំនួន ដែលដោះស្រាយបាន ឬមិនអាចទាន់ដោះស្រាយបាន ។ ក្នុងនោះ លោក ឃឹម ស៊ុនសូដា បានគូសបញ្ជាក់ទៅប្រធានអង្គការ ដែលលើកឡើងពីការព្រួយបារម្ភ លើបញ្ហាបរិស្ថានថា ប្រសិនបើមានបញ្ហាអ្វីមួយ ពាក់ព័ន្ធជាមួយនឹងបរិស្ថាន សូមឱ្យសហការគ្នា និងរាយការណ៍ជូនមកលោកផ្ទាល់ នោះលោកនឹងអាចសម្របម្រួលជាមួយរោងចក្រ ដូចជាករណីអង្គការចង់ចូលទៅពិនិត្យក្នុងរោងចក្រ ហើយត្រូវបានហាមឃាត់មិនឱ្យចូល ខណៈលោកអិបាលខណ្ឌ ចាត់ទុកថា នេះជាកិច្ចការល្អ ដែលមានប្រជាពលរដ្ឋ ពោលអង្គការជួយយកចិត្តទុកដាក់បន្ថែម ស្របពេលដែលអាជ្ញាធរ ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ។
ពាក់ព័ន្ធទៅនឹងការតភ្ជាប់បណ្តាញទឹកស្អាត លោកអភិបាលខណ្ឌកំបូល បានណែនាំទៅមេភូមិ ឬតំណាងប្រជាពលរដ្ឋ ត្រូវធ្វើឯកសារស្នើជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយម្ចាស់ផ្ទះជួលខ្លួនឯង ជាមួយប្រជាពលរដ្ឋ ត្រូវបំពេញបែបបទ ស្នើសុំជាមុនសិន ដោយឡែកការជួយអប់រំផ្សព្វផ្សាយ ទៅកាន់ប្រជាពលរដ្ឋ ទៅលើការទុកដាក់សំរាមជាដើមនោះ លោក ឃឹម ស៊ុនសូដា ក៏បានឯកភាពទទួលយកសំណើរ ដោយត្រៀមកម្លាំងសហការជាប់ជាប្រចាំ និងណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវបន្តចូលរួមទាំងអស់គ្នា ដើម្បីសោភណ្ឌភាពទីក្រុង និងអនាម័យបរិស្ថានល្អ ។
ជាមួយគ្នានេះដែរ លោក សេង វណ្ណៈ បានគូសបញ្ជាក់ថា “សំណួរសំណូមពរ និងមតិយោបល់ផ្ទាល់មាត់មួយចំនួន របស់អស់លោកលោកស្រី អង្គវេទិកាបានធ្វើការបំភ្លឺ និងដោះស្រាយជូន ដោយផ្ទាល់រួចហើយៗ នឹងបន្តតាមដានកិច្ចការនេះជាបន្តទៀត ដើម្បីដោះស្រាយជូន ប៉ុន្តែចំពោះសំណើ និងសំណូមពរជាលាយលក្ខណ៍អក្សរទាំងអស់ ដែលបានទទួល គឺខ្ញុំសូមការអភ័យទោស ដោយមិនទាន់បានដោះស្រាយជូននាឱកាសនេះទេ” ។
លោកអភិបាលរងរាជធានីភ្នំពេញ បន្តថា “ខ្ញុំសូមធានាថា នឹងយកសំណើ សំណូមពរលាយលក្ខណ៍អក្សរទាំងអស់ ដែលនៅសល់ទៅដាក់ជូនគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មាន ត្រឡប់ជូនដល់អស់ លោកលោកស្រីវិញ តាមរយៈក្រុមប្រឹក្សាខណ្ឌក្រុមប្រឹក្សាសង្កាត់ នូវលទ្ធផលនៃការដោះស្រាយជូន ទាំងលទ្ធផលជា វិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាប នៅពេលក្រោយ ឬនៅពេលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅតាមខណ្ឌទាំង១៤ ត្រូវបានបញ្ចប់”។
ទន្ទឹមនឹងនេះ លោក សេង វណ្ណៈ បានធានាថា “នឹងលើកយករាល់មតិយោបល់សំណួរ សំណើ និងសំណូមពរ របស់អស់លោកលោកស្រីទៅពិនិត្យ និងពិចារណាព្រមទាំងចាត់ អាទិភាពដាក់បញ្ចូល ទៅក្នុងគម្រោងផែនការអភិវឌ្ឍ បីឆ្នាំរំកិល របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែប្រសើរឡើង និងលើកកម្ពស់គុណភាពជីវភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋក្នុងសង្កាត់ ខណ្ឌ នៃរាជធានីឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន”៕