ភ្នំពេញ ៖ ឆ្លើយតបទៅជនរងគ្រោះ ដែលរាប់រៀបថា សមត្ថកិច្ចព្រងើយកន្តើយ មិនចាប់ជនសង្ស័យកាប់ខ្លួន អស់ជាង២០ថ្ងៃមកនោះ ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សមត្ថកិច្ចនគរបាលភ្នំពេញ បានសហការជាមួយនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានហើយ។
ក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ យឹម ដារិទ្ធរៀបរាប់ថា ជនល្មើសបានលបកាប់ខ្លួន ពីក្រោយចំនួន៣កាំបិតបានរត់គេចខ្លួន ដោយ មិនមានអ្នកណាចាប់ខ្លួននោះទេ ។ ដោយ យឹម ដារិទ្ធអះអាងថា ជនលបកាប់ខ្លួនមានខ្នងបង្អែកធំ គ្មានអ្នកណាហ៊ានចាប់នោះ នាថ្ងៃ១០ ធ្នូនេះ ស្នងការនគរបាលរាជធានីភ្នំពេញ ឆ្លើយថា មានករណីកើតឡើង សមត្ថកិច្ចមិន ដែលទុកចោលនោះទេ ព្រោះលោកបានតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ “ដូចករណីនេះជាដើមយើង តាមឃាត់ខ្លួនជាមួយសមត្ថកិច្ចប៉ូលីសស្វាយរៀងបានហើយ”។
លោកស្នងការបន្តថា ចំពោះករណីនេះកើតឡើង ដោយសាជនរងគ្រោះខ្លួនឯងផងដែរ (គឺកើតរឿងឡើងដោយសាស្រ្តីម្នាក់ គាត់មានទំនាក់ទំនងច្រើន ខ្ញុំសុំមិនបញ្ចេញឈ្មោះនិងរូប)។
លោកស្នងការ ក៏ផ្ញើទៅជនរងគ្រោះឈ្មោះ យឹម ដារិទ្ធ និងបណ្ដាអ្នកលេង តាមបណ្ដាញសង្គមមួយចំនួនតូច ច្រើនតែវាយប្រហារលើសមត្ថកិច្ចថា មិនមានសមត្ថភាពមិនចាត់ការ តាមចាប់ជនសង្ស័យនោះ គឺសមត្ថកិច្ចអនុវត្តន៍ភារកិច្ច តាមជំនាញវិជ្ជាជីវៈនិងវិធានច្បាប់ មិនមែនអនុវត្តន៍តាមអារម្មណ៍នោះទេ៕