ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត ចប់អាណត្តិ វៀតណាម វាយតម្លៃខ្ពស់ ចំពោះការសម្រេចបាន សមិទ្ធផលជាច្រេីន របស់កម្ពុជា

ភ្នំពេញ ៖ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាន នូវសមិទ្ធផលជាច្រើនរបស់កម្ពុជា ។

ការវាយតម្លៃរបស់លោក ង្វៀន ហ៊ុយ តាំង ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសទទួលបានអនុញ្ញាត ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដេីម្បីចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូត នៅកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។

ក្នុងជំនួបខាងលេីនេះ លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជា នាពេលកន្លងមក ហេីយ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និង ការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ព្រមទាំងធានាបាននូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ , ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំអន្តរជាតិសំខាន់ៗនាពេលថ្មីៗ ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិ(IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12), សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ សម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១(IPTP11) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយ ដែលគ្មានមីន ជាដេីម ដែលធ្វេីឱ្យកិត្យានុភាពរបស់ កម្ពុជា កាន់តែ លេចត្រដែតឡេីងបន្ថែមទៀត នៅលើឆាកអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អ ក្នុង អាណត្តិ បេសកកម្មការទូតរបស់លោក ដែលបានចូលរួម ចំណែក ពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

ជាការឆ្លើយតបសម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក របស់លោុំឯកអគ្គរដ្ឋទូត ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម។

សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ហើយការរក្សាបាននូវការជួបប្រាស្រ័យទាក់ទង រវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ, រវាងប្រជាជន និងប្រជាជន នៅគ្រប់លំដាប់ថ្នាក់ និងគ្រប់កម្រិត នឹង ចូលរួមចំណែកដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត ។

សម្ដេចធិបតី និង លោកឯកអគ្គរដ្ឋទូតចប់អាណត្តិ ក៏បានវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍរីកចម្រេីន នៃកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរ លើវិស័យពាណិជ្ជកម្ម, វិនិយោគ, ការពារជាតិនិងសន្ដិសុខ, ទេសចរណ៍, អប់រំ, វប្បធម៌ និងការតភ្ជាប់រវាងប្រជាន និងប្រជាជនផងដែរ៕

To Top