ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីប្រារព្ធ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធ ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ «កម្ពុជាប្រឆាំងដាច់ខាតអំពើ ជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងយុគសម័យឌីជីថល និងគ្រប់មធ្យោបាយ» នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ នឹងត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យ ឯកជន មន្ត្រីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិត គ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និង បង្ក្រាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។

នាឱកាសនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីដ៏នក្ខត្តឫក្សនេះ មួយអន្លើដោយមានព្រះវត្តមាន និងវត្តមានដ៏ឧត្តុង្គឧត្តម របស់ព្រះថេរានុត្ថេរៈ លោក-លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាង អង្គទូត និងស្ថានតំណាងបេសកកម្មនានា នៃបណ្តាប្រទេសជាមិត្ត អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា អ្នកសារព័ត៌មានជាតិអន្តរជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក-លោកស្រី ជា អភិបាលរាជធានី/ខេត្ត សាកលវិទ្យាល័យរដ្ឋ និងឯកជន តំណាងសង្គមស៊ីវិល តំណាងនិយោជក និយោជិកក្នុងវិស័យឯកជន ក្រុមយុវជន យុវនារី ស.ស.យ.ក កាកបាទក្រហម កាយរិទ្ធ និងសិស្ស និស្សិត សរុប ប្រមាណជាង ៣,០០០ អង្គ/នាក់ ។

កម្មវិធីនេះ នឹងបន្តរៀបចំតាមសាលារៀន និងតាមបណ្តារាជធានី ខេត្ត ទូទាំង ប្រទេស ដើម្បីជាយុទ្ធនាការជាតិដ៏ធំ បង្ហាញអំពីការរួមសហការគ្នាបង្កើតនូវ ប្រព័ន្ធសុវត្ថិភាពសម្រាប់ការពារមនុស្ស គ្រប់រូប ឱ្យរួចផុតពីភាពងាយរងគ្រោះដោយ អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយ នាយុគសម័យឌីជីថល ឆ្ពោះទៅកាន់ភាពសុខសាន្ត និងអភិវឌ្ឍគ្រប់វិស័យ៕

To Top