ព័ត៌មានជាតិ

ខែវិច្ឆិកា យន្តការច្រកចេញចូលតែមួយ បម្រើពលរដ្ឋបានជាង ៦សែនសេវា រកចំណូលបាន ៣លានដុល្លារ

ភ្នំពេញ ៖ រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៦សែនសេវា។

ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៤សេវា។

បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ ជូននៅអង្គភាព ច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់ចំណូល ជូនរដ្ឋសរុបជាង ១២ពាន់លានរៀល ស្មើនឹង ៣លានដុល្លារ ក្នុងនោះវិស័យទទួល បានចំណូលច្រើន ជាងគេគឺ វិស័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ចំនួនជាង ១០ពាន់លានរៀល វិស័យសាធារណការនិងដឹកជញ្ជូនជាង ១ពាន់លានរៀល ខណៈវិស័យទទួលចំណូលតិចជាងគេគឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន ៨សែនរៀល។

ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ លោកបណ្ឌិតអ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ក្នុងខែវិច្ឆិកាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង ៣សែនសេវា ដោយក្នុងចំណោមវិស័យទាំង១៧ ការងារអត្រានុកូលដ្ឋាន ផ្តល់បានច្រើនជាងគេ គឺមានជិត ២សែនសេវា បន្ទាប់មកការងារនីត្យានុកូលកម្មផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្ម មានត្រឹមតែ១៩សេវា។

សេវានៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់ចំណូលជូនរដ្ឋជាង៦៨០លានរៀល គិតជាដុល្លារប្រមាណ១សែន ៧ម៉ឺនដុល្លារ ខណៈចំណូលខ្ពស់ជាងគេគឺ វិស័យសុរិយោដីចំនួន ១៦០លានរៀល បន្ទាប់មកវិស័យសំណង់ទទួលបាន ១៥២លានរៀល ចំណែកវិស័យរ៉ែនិងថាមពល ទទួលបានចំណូលតិចជាងគេគឺត្រឹមតែ ៥លានរៀល គ្រាដែលវិស័យ ពាណិជ្ជកម្ម វិស័យធម្មការនិងសាសនា វិស័យបរិស្ថាន និងការងារអត្រា នុកូលដ្ឋានមិនទទួលបានចំណូល។

យន្តការច្រកចេញចូលតែមួយត្រូវ បានប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានសារទរថា បានឆ្លើយតបទៅនឹង តម្រូវការចាំបាច់ ជាប្រចាំថ្ងៃ ។ រាជរដ្ឋាបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំង លើការពង្រឹងគុណភាព សេវាសាធារណៈ ស្របតាមទស្សនៈ «ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោល ការណ៍» ខណៈ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ ក៏បន្តកិច្ចខិតខំប្រឹងប្រែង ដាក់ចេញនូវគោលការណ៍នានាធ្វើយ៉ាងឱ្យស្របទៅនឹងគោលនយោបាយ និងភាពចាំបាច់ របស់ប្រជាពលរដ្ឋស្រប តាមទស្សនៈ« អ្វីៗដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ»៕

To Top