ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន  នាំយកថវិកាបេឡាមរណសង្គ្រោះ មានអំណោយសម្តេចធិបតី និងលោកជំទាវ ទៅឧបត្ថម្ភជូន​ក្រុមគ្រួសារសពអតីតយុទ្ធជន នៅក្រុងស្ទឹងសែន !

កំពង់ធំ: នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការ​សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ​  បានដឹកនាំសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពលោកពលបាលឯក សោម សាត អតីត​យុទ្ធ​ជន នៅអង្គភាពយោធាខេត្តកំពង់ធំ ។ លោកបាន​ទទួល​មរណៈ​ភាព​កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ ក្នុង​ជន្មាយុ៧១ឆ្នាំ​ ដោយ​រោគាពាធ​ ​ ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្ត​កំពង់​ធំ​​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក្រុងស្ទឹងសែន និងអាជ្ញាធរដែនដី បានថ្លែងនូវការ​សោកស្ដាយ​អាឡោះអាល័យ​ និង​បាន​គោរពបួងសួងដល់វិញ្ញាណក្ខន្ធលោកពលបាលឯក សោម សាត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរ ដល់ក្រុមគ្រួសារសព សូម​មានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។

នៅក្នុងឱកាសនេះដែរ​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួម​មាន​ អង្ករចំនួន​៥០​គីឡូក្រាម​  មីជាតិចំនួន​២​ កេស​ ទឹកត្រីទឹកស៊ីអ៉ីវ​ចំនួន២យួរ និង​ត្រីខ​កំប៉ុងចំនួន២យួរ  ផងដែរ​ ។

ក្រុមគ្រួសារសពអតីតយុទ្ធជន បាន​សូម​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​ជាទី​បំផុត ​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត  ពេជ​ ចន្ទមុន្នី​ និងឧត្តម​សេនីយ៍​ទោ សោម​ ស៊ុន​ ព្រមទាំង​​ក្រុម​ការងារ​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ដែល​បាន​យកចិត្តទុកដាក់​បម្រើ​បងប្អូន​អតីត​យុទ្ធ​ជន​ នៅ​ក្នុង​ខេត្តកំពង់ធំ​ ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ និង​សូមគោរព​ជូន​ពរ​សម្តេច​ និង​លោកជំទាវ​ ព្រមទាំង​ឯកឧត្តម​ អស់​លោក​ទាំង​អស់​ សូម​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ  កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ​ ៕ ដោយសំនៀង

To Top