ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំង ជ្រុលនិយមមួយក្តាប់តូច កំពុងសម្ងំនៅទីងងឹត ដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់ បង្កឱ្យមានចលាចលសង្គម តាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន ។ ប៉ុន្តែព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹត ដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មាន ក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។
លោកបន្តថា ជាក់ស្តែង តាមរយៈព័ត៌មានពិត ដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេ ដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រ ក្រុមប្រឆាំងជ្រុលនិយម ក៏បានប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។
ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉ែន បូណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ ។ សមិទ្ធផលរាប់មិនអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ សម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយគឺជាតឹតតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបាន។ សមិទ្ធផលទាំងអស់នេះ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន និង កំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាព័ត៌មានពិត ដែលយើងត្រូវបញ្ជ្រាបឱ្យប្រជាពលរដ្ឋ បានដឹងជាប្រចាំតាមមធ្យោបាយ ដែលមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីប្រតិភូ ក៏បានកោតសរសើរដល់រដ្ឋបាល ខេត្តកំពង់ឆ្នាំង ដែលបានរៀបចំក្រុមការងារគ្រប់គ្រង និងឆ្លើយតបព័ត៌មានបានយ៉ាងល្អ ទាំងសកម្មភាពបុរេសកម្ម និងប្រតិកម្ម។ ប្រធានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ដែលមានបទពិសោធជិត៣០ឆ្នាំក្នុងវិស័យព័ត៌មាន ក៏បានចែករំលែកដល់សិក្ខាកាម អំពីចិត្តសាស្ត្រ ចរិត និងជ្រុងនៃព័ត៌មាន ក៏ដូចជាការយល់ដឹងអំពីល្បិចកិច្ចកលរបស់ក្រុមប្រឆាំងជ្រុលនិយម និងប្រព័ន្ធឃោសនារបស់ពួកគេ ក្នុងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ដើម្បីញុះញង់ឱ្យមានចលាចលក្នុងសង្គម។ ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ លើការងារបុរេសកម្ម របស់មន្ត្រីអាជ្ញាធរនិងអ្នកនាំពាក្យក្នុងការនាំព័ត៌មានពិត ដែលអាជ្ញាធរ និងរាជរដ្ឋាភិបាលបានធ្វើ ទៅប្រាប់ប្រជាពលរដ្ឋឱ្យបានដឹង និងត្រូវធ្វើឱ្យបានសកម្ម ខណៈដែលវិធានការច្បាប់ត្រូវចាត់ឡើង ចំពោះក្រុមជនទាំងឡាយណា ដែលដើរលើសពីបន្ទាត់ក្រហម នៃច្បាប់ដើម្បីពង្រឹងនីតិរដ្ឋ។
ជាមួយគ្នានោះលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារសំខាន់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ស្របពេលដែលពិភពលោកមានការរីកចម្រើន ផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋងាយទទួលនិងផ្តល់ព័ត៌មាន ពោលគឺការងារព័ត៌មានអាចជួយឱ្យយើងមានទំនាក់ទំនង និងយល់គ្នាទៅវិញទៅមក រវាងរដ្ឋនិងប្រជាជន ។ យ៉ាងណាក៏ដោយ ជាមួយនឹងភាពងាយស្រួលនេះ ក៏យើងសង្កេតឃើញថា មានបញ្ហាជាច្រើនដែលបានកើតមកជាមួយដែរ ដូចជាបញ្ហាព័ត៌មាន ក្លែងក្លាយ ព័ត៌មានអុជអាល ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ។ល។ ដែលទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំ របស់រដ្ឋាភិបាល និងតម្លៃរបស់រដ្ឋបាលសាធារណៈរបស់យើង ។
គួរជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារ ព័ត៌មាននិងនាំពាក្យ» នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ យល់ដឹងពីកិច្ចការផ្សព្វផ្សាយ ព័ត៌មាននិងនាំពាក្យ ចែករំលែកពីបទពិសោធកិច្ចការព័ត៌មាន និងអ្នកនាំពាក្យ បង្កើននូវជំនាញក្រុមការងារព័ត៌មាននិងនាំពាក្យប្រកបដោយវិជ្ជាជីវៈ និងកសាងបណ្តាញរវាងអ្នកនាំពាក្យ និងក្រុមព័ត៌មាន ៕