ក្រុងរុនតាឯកតេជោសែន ៖ ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងរុន តាឯកតេជោសែន បានរៀបចំកម្មវិធីដាក់បង្គោលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ បំភ្លឺផ្លូវនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងជម្រាបអង្គពិធីទាំងមូលបានជ្រាបថា សមាគមបានទទួលជំនួយ អំពូលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់បំភ្លឺផ្លូវសាធារណៈ ពីអង្គការស្រាវជ្រាវ និងផ្សព្វផ្សាយអរិយធម៌ អេកូឡូស៊ី របស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយ អរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង ដើម្បីដាក់បំភ្លឺផ្លូវ នៅក្នុងក្រុងរុនតាឯក ។
លោកបណ្ឌិតបានថ្លែងអំណរគុណដល់លោក អ៊ឹង សុភ័ណ អភិបាល នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន លោក លូ ឈីជឺ អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងលោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិនPEACELAND ដែលបានគាំទ្រ ដល់បេសកកម្មរបស់សមាគមលើវិស័យអេកូឡូស៊ី ហើយលើកទឹកចិត្ត ដល់សមាគមក្នុងការបំពេញ បាននូវតម្រូវការជូនដល់ប្រជាជន ក្នុងក្រុងរុនតាឯកតេជោសែន ។
លោក អ៊ឹង សុភ័ណ អភិបាលនៃគណៈអភិបាលក្រុង រុនតាឯកតេជោសែន បានថ្លែងថាអំពូលសូឡាបំភ្លឺផ្លូវទាំងនេះ នឹងរួមចំណែក ដល់ការអភិវឌ្ឍក្រុងរុនតាឯក ហើយស្នាក់ការ របស់សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ដែលគ្រោងនឹងដំណើរការនៅទីនេះ គឺជាវេទិកាដ៏សំខាន់ ក្នុងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ។ ស្នាក់ការនេះជាបណ្ណាល័យសម្រាប់សិស្សនៅពេលយប់ ជាទីតាំងដែលជនពិការបានបំពេញការងារសិប្បកម្មដោយដៃត្បាញស្មុកសម្រាប់បម្រើដល់វិស័យទេសចរណ៍។
លោកអភិបាលក្រុងសង្ឃឹមថា ថ្នាក់ដឹកនាំនិងបុគ្គលិករបស់អង្គការស្រាវជ្រាវ និងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយអរិយធម៌ អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង អាចមកដល់ទឹកដីក្រុងរុនតាឯក ឃើញដោយផ្ទាល់ពីផល ដែលទទួលបានពីអំពូលសូឡាបំភ្លឺផ្លូវទាំងនេះ។ គួរបញ្ជាក់ផងដែរ បន្ថែមពីលើការដាំបង្គោលអំពូលសូឡាបំភ្លឺ លោកអភិបាលក្រុងរុនតា ឯកតេជោសែន និងលោក លូ ឈីជឺ អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាបបានរួមគ្នា ដាំដើមឈើមិត្តភាព នៅក្នុងស្នាក់ការរបស់សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនប្រចាំក្រុងរុនតាឯកថែមទៀតផង ។