ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវមោទភាព និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងវិស័យឯកជន ដែលបានជំរុញឱ្យ ទំហំពាណិជ្ជកម្មរបស់កម្ពុជា គិតត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤ មានទៅដល់ ៥០,៤៦ពាន់លានដុល្លារ កើនឡើងប្រមាណ១៥,៩៥% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំកត់សម្គាល់គិតថា ត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា មាន៥០,៤៦billion(ពាន់លាន)ដុល្លារ កើនឡើងប្រមាណ១៥,៩៥% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣» ។
ជាមួយគ្នានេះ សម្តេចធិបតី បានមានប្រសាសន៍បន្ថែមថា “ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានមោទនភាព និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងវិស័យឯកជន ដែលជានិច្ចកាល មានកិច្ចសហប្រតិបត្តិការល្អ ក្នុងការទាក់ទាញវិនិយោគិន និងការជំរុញកំណើនពាណិជ្ជកម្ម តាមរយៈការនាំចេញទៅទីផ្សារ ក្នុងតំបន់ និងសកលលោក” ។
ក្នុងនោះសម្តេចធិបតី បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់មូលដ្ឋានគ្រឹងយ៉ាងសំខាន់ សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា គឺការរក្សាសុខសន្តិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយ ព្រមទាំងបន្តខិតខំប្រឹងប្រែង កែលម្អរបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវវិធានការគន្លឹះលើគ្រប់វិស័យ ដើម្បីធានាថា វិនិយោគិនអាចមកបណ្តាកទុន ប្រកបដោយភាពជឿជាក់ ភាពអាចប៉ានស្មានបាន និងភាពជោគជ័យខ្ពស់ ៕