ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជានិងអេមីរ៉ាត់ អារ៉ាប់រួម មានសក្តានុពលធំធេង សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទោះនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន សំដែងនូវក្តីពេញចិត្ត ចំពោះគុណភាពនៃទំនាក់ទំនងទ្វេភាគី។
សម្តេចបញ្ជាក់ថា «កម្ពុជានិង អេមីរ៉ាត អារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងមានសក្តានុពលធំធេង សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទោះនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ»។
សម្តេចតេជោ បានរលឹកថា នៅក្នុងពេលចុះហត្ថលេខា FTA សម្តេចតេជោ ពេលនោះជានាយករដ្ឋមន្ត្រី បានស្នើរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាត ឱ្យពិនិត្យលទ្ធភាពជំរុញវិនិយោគនៅកម្ពុជា នៅក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ ជាពិសេស អង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀត ដើម្បីនាំចេញទៅប្រទេសអេមីរ៉ាត អារ៉ាប់រួម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។ ផ្អែកលើបទពិសោធនយោបាយដ៏យូរជាង៤៥ឆ្នាំ សម្តេចតេជោ យល់ច្បាស់ពីម៉ាក្រូសេដ្ឋកិច្ច និង សារៈសំខាន់ក្នុងការ មានដៃគូពាណិជ្ជកម្មច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយកម្ពុជា ត្រូវរក្សាសន្តិភាពឱ្យរឹងមាំ។
សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) និង អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំក្នុងតំបន់និងអន្តរជាតិ។ ទន្ទឹងនឹងពេលដែលសហភាពអឺរ៉ុប ( EU) កំពុងចរចា FTA ជាមួយអាស៊ាន ការចរចា FTA រវាងអាស៊ាន និងGCC គួរត្រូវពន្លឿន និងបញ្ចប់ឱ្យបានឆាប់។ ការចរចារវាង GCC និង អាស៊ាន មានភាពងាយស្រួល ដោយសារ គ្មានដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ទាំងពីរ ស្ថិតនៅក្នុងតំបន់អាស៊ីដូចគ្នា។ ប្រទេសសមាជិកអាស៊ាន មានប្រជាជន ជិត៧០០លាននាក់ ហើយប្រទេសសមាជិកGCC ក៏មានច្រើនដែរ។ អង្គការនីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ គួរជំរុញរាជរដ្ឋាភិបាលឱ្យធ្វើការងារ នេះ។
លោកសាក័រ ហ្គូបាស ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនេះ នឹងពង្រឹងនិងជំរុញ ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកបានលើកឡើងថា លោកដឹងពីប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និង សោកនាដកម្ម។ លោក សូមវាយតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចប្រឹងប្រែងរបស់ សម្តេច ដែលបានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីសន្តិភាពជូនកម្ពុជា។
លោក សាក័រ ហ្គូបាស បន្តថា ប្រទេសយើងទាំងពីរបានចុះ កិច្ចព្រមព្រៀងពាណិជកម្មសេរី (FTA)។ អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត។ រដ្ឋសភា អេមីរ៉ាត អារ៉ាប់រួម អាចដើរតួនាទីសំខាន់ក្នុងកិច្ចការនេះ។
ជាក់ស្តែង រដ្ឋសភារបស់លោក បានបង្កើតក្រុមមិត្តភាពសភា អេមីរ៉ាត អារ៉ាប់រួមនិងកម្ពុជា។ លោកសាក័រ ហ្គូបាស បានស្នើថា ប្រសិនជាសម្តេចតេជា ឯកភាព រដ្ឋសភារបស់លោកអាចរៀបចំនិងចុះហត្ថលេខាលើ MoU ជាមួយកម្ពុជា។
សម្តេច ក៏បានអរគុណលោក សាក័រ ហ្គូបាស ផងដែលបានរំលឹកពីពលិកម្មរបស់សម្តេច ទាក់ទងនឹងអតីតកាល ប្រវត្តិ និងការលំបាកដែលបានឆ្លងកាត់ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា។ សម្តចបានបន្ថែមថា ការចាកចេញរបស់សម្តេច ពីតំណែងនាយករដ្ឋមន្ត្រី ជាង១ឆ្នាំកន្លងទៅនេះ ដើម្បីឱ្យអ្នកបន្តវេនកាន់អំណាច គឺជាការលះបង់ របស់សម្តេច ប្តូរនឹងសន្តិភាព និងស្ថិរភាពរយៈពេលវែង។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញប្រធានរដ្ឋសភា អេមីរ៉ាត អារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ លោកប្រធានរដ្ឋសភា សូមអរគុណ និងទទួលដោយក្តីរីករាយនូវការអញ្ជើញរបស់ សម្តេចតេជោ ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របខាងមុខ៕