ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ឌិត ទីណា ៖ ការនេសាទប្រើឧបករណ៍ស្របតាមច្បាប់ គឺធានានិរន្ដរភាពធនធានជលផល ឱ្យស្ថិតស្ថេរគង់វង្ស

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ គឺធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើង។

ការលើកឡើងរបស់ រដ្ឋមន្ដ្រី ឌិត ទីណា នាឱកាសអញ្ជើញទៅកាន់ឃុំកំពង់ភ្លុក ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយប្រជានេសាទជិត ១០០នាក់ រស់នៅតំបន់នោះ អមដំណើរដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសជួបសំណេះសំណាលនេះ លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ដំណើររបស់លោក ថ្នាក់ដឹកនាំខេត្ត មន្ដ្រីជំនាញ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មកកាន់តំបន់កំពង់ភ្លុកនាពេលនេះ ធ្វើឡើងដើម្បីស្វែងយល់អំពីជីវភាព ព្រមទាំងស្ដាប់សំណូមពរទាំងឡាយរបស់បងប្អូនប្រជានេសាទ ដែលធ្លាប់បានថ្លែងជម្រាបជូនសម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត រដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាពេលលោកអញ្ជើញមកកាន់តំបន់ទេសចរណ៍កំពង់ភ្លុក កាលពីដើមខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

សំណូមពរមួយចំនួនដែលបងប្អូនប្រជានេសាទ បានលើកឡើងត្រូវបាន លោករដ្ឋមន្ដ្រី ចាត់តាំងមន្ដ្រីជំនាញឱ្យសិក្សា និងដោះស្រាយជូនបងប្អូនប្រជានេសាទឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសុំចិត្តប្រជានេសាទ ចូលរួមសហការជាមួយមន្ដ្រីជំនាញ ដោយធ្វើនេសាទគោរពតាមច្បាប់ស្ដីពីជលផល។

ការនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ បើតាម លោករដ្ឋមន្ដ្រី គឺជាការចូលរួមចំណែកយ៉ាងធំធេងរបស់បងប្អូនប្រជានេសាទ ក្នុងការធានានិរន្ដរភាពធនធានជលផលធម្មជាតិ ឱ្យស្ថិតស្ថេរគង់វង្ស និងកាន់តែសម្បូរឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

To Top