ព័ត៌មានជាតិ

អតីតមេដឹកនាំស៊ីរី លោក Bashar Assadថា លោកមិន​បាន​គិត​ពី​ការ​ចុះ​ចេញ​ពី​តំណែង ឬ​ស្វែង​រក​ទី​ជ្រកកោន​ឡើយ

RT NEWS

បរទេស៖ អតីតមេដឹកនាំស៊ីរី លោក Bashar Assad ដែលកំពុងនិរទេសខ្លួន បាននិយាយថា លោកស្នាក់នៅក្នុងទីក្រុង Damascus រហូតដល់ព្រឹកព្រលឹមថ្ងៃទី ៨ ខែធ្នូ ផ្ទុយពីរបាយការណ៍ដែលបង្ហាញថា លោកបានភៀសខ្លួនចេញពីប្រទេសដោយសម្ងាត់មួយថ្ងៃមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការលើកដំបូងរបស់លោក ចាប់តាំងពីត្រូវបានទម្លាក់ពីអំណាច និងភៀសខ្លួនចេញពីប្រទេសកាលពីដើមខែនេះ លោក Assad បានអះអាងកាលពីថ្ងៃចន្ទថា លោកបានចាកចេញពីប្រទេសស៊ីរីនៅល្ងាចថ្ងៃទី ៨ ខែធ្នូ ដោយបន្ថែមថា ដំបូងឡើយលោកមានគម្រោងបន្តប្រយុទ្ធជាមួយកងកម្លាំងឧទ្ទាម។

យោងតាមលោក Assad, ការចាកចេញរបស់លោកពីប្រទេសស៊ីរី គឺ”មិនបានគេគ្រោងទុក ហើយក៏មិនបានកើតឡើងក្នុងអំឡុងពេលម៉ោងចុងក្រោយនៃការប្រយុទ្ធ ដូចដែលអ្នកមួយចំនួនបានអះអាងនោះដែរ”។ ផ្ទុយ​ទៅ​វិញ លោក «​មិន​បាន​គិត​ពី​ការ​ចុះ​ចេញ​ពី​តំណែង ឬ​ស្វែង​រក​ទី​ជ្រកកោន​ឡើយ» រហូត​ទាល់​តែ​ក្តីសង្ឃឹម​ទាំងអស់ ត្រូវ​បាត់​បង់។

លោក Assad ដែលគ្រប់គ្រងប្រទេសស៊ីរីអស់រយៈពេលជិត ២៥ ឆ្នាំត្រូវបានផ្ដួលរំលំកាលពីដើមខែនេះ នៅពេលដែលក្រុមចម្រុះនៃក្រុមប្រឆាំងប្រដាប់អាវុធដែលគ្រប់គ្រងដោយពួកអ៊ីស្លាមមកពី Hayat Tahrir al-Sham (HTS) បានដណ្តើមកាន់កាប់ទីក្រុង Damascus ក្នុងការវាយលុកយ៉ាងឆាប់រហ័សមួយ។

លោក Assad បានអះអាងថា លោកបានចាកចេញពីទីក្រុង Damascus តែបន្ទាប់ពីក្រុមសកម្មប្រយុទ្ធដំបូង “បានជ្រៀតចូល” រដ្ឋធានី ហើយបានផ្លាស់ទៅទីក្រុង Latakia “ដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរុស្ស៊ីរបស់យើង ដើម្បីត្រួតពិនិត្យប្រតិបត្តិការប្រយុទ្ធ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top