ភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធីភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន(ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។

ស្ពានអាកាស «មរតកតេជោ»ជំហានទី២នេះ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ដែលក្នុងគម្រោងត្រូវបញ្ចប់នៅខែសីហា ឆ្នាំ២០២៥ ។

សូមរំលឹកថា ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ក្រោយមានការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីដោះស្រាយការកកស្ទះចរាចរ។

គួរបញ្ជាក់ថា ស្ពានអាកាសថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អញ្ជើញប្រកាសបើកការដ្ឋានសាងសង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។

ស្ពានអាកាសនេះ ត្រូវបានសាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាស ផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ៕










